(កំពត)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគដល់ ១០វត្ត នៅស្រុកបន្ទាយមាស ស្រុកដងទង់ និងស្រុកអង្គរជ័យ ខេត្ដកំពត។

វត្តអារាមចំនួន ១០ រួមមាន៖ វត្តគិរីបុប្ផារំពើន, វត្តប្រាងសុវណ្ណ, វត្តព្រៃក្រឡា, វត្តក្រាំងដូង នៅស្រុកបន្ទាយមាស, វត្តដំណាក់ត្រយឹង, វត្តពីរល្វែងមានជ័យ, វត្ដទួលសាលា នៅស្រុកដងទង់, វត្តភ្នំត្រែល វត្តរលាំង វត្តប្រាសាទ នៅស្រុកអង្គរជ័យ។

វត្តនីមួយៗទទួលបានទេយ្យទាន និងគ្រឿងឧបភោគបរិភោគដែលរួមមាន៖ អង្ករ ២ បាវ (៥០គីឡូក្រាមក្នុងមួយបាវ) ទៀនព្រះវស្សា២ដើមធំ ទឹកសុទ្ធ២០កេស ទឹកផ្លែឈើ១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ត្រីងៀត១០ គីឡូក្រាម និងសាច់ក្រក ១០គីឡូក្រាម។

នៅក្នុងស្ថានភាពជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ពុទ្ធបរិស័ទ មានការលំបាកក្នុងយកចង្អាន់ និងទេយ្យទាននានាទៅប្រគេនព្រះសង្ឃ ដោយសារតែការហាមឃាត់មិនឲ្យមានការជួបជុំ ឬប្រមូលផ្តុំគ្នា។

ក្រុមហ៊ុនសង្ឃឹមថា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគដែលក្រុមហ៊ុនបានប្រគេន នឹងបានជួយសម្រួលការលំបាករបស់ព្រះសង្ឃ និងវត្តបានមួយកម្រិត ហើយការធ្វើបែបនេះ គឺស្របតាមគោលនយោបាយរបស់ក្រុមហ៊ុនក្នុងការឈរជាមួយសហគមន៍គ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពលំបាកបែបនេះ៕