(កំពត)៖ រដ្ឋបាលក្រុងបូកគោទាំងមូល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ ក្រោមអធិបតីលោក ជាវ តាយ អភិបាលខេត្តកំពត ជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរ ស្ថាប័នតុលាការ អាយ្យការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ពិធីប្រកាសនេះធ្វើឡើងនៅ ជើងភ្នំបូកគោ ផ្លូវឡើងទៅឧទ្យានព្រះមុនីវង្សបូកគោ ក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

រចនាសម្ពន្ធក្រុងបូកគោ បើតាមអនុក្រឹត្យត្រូវតែងតាំងក្បាលម៉ាស៊ីនដឹកនាំក្រុង រួមមាន៖

លោក ឡេង វិបុល ជាប្រធានក្រុមប្រឹក្សាក្រុងបូកគោ និងលោកស្រី ងិន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលក្រុងបូកគោ ព្រមទាំងប្រកាស តែងតាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ពីក្រសួងស្ថាប័នដ៏ទៃទៀត ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះលោក ជាវ តាយ បានផ្តល់អនុសាស្រ្ត និងមតិណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងបូកគោ រួមនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់លើការងារសំខាន់ៗដូចខាងក្រោម៖

*គណៈបញ្ជាការឯកភាពក្រុងបូកគោ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឲ្យបាន និងទាន់ពេលវេលានូវប្រសិទ្ធភាព និងសកម្មភាព ការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ការញុះញង់ អុចអាល ប៉ុនប៉ង បង្កឲ្យមានអំពើហិង្សា ភាពចលាចល វឹកវរ សន្តិសុខក្នុងសង្គម។

*ត្រូវយកចិត្តទុកដាក់ អប់រំ ណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលានូវការបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិកបង្កឲ្យមានហិង្សាក្នុងសង្គម និងខិតខំបំផុសអប់រំ ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមសកម្មភាពទាំងឡាយណា ផ្ទុយពីច្បាប់ ក៏ដូចជាសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពនយោបាយ។

*ត្រៀមយកចិត្តទុកដាក់ដោះស្រាយជម្លោះ និងការទាមទារតវ៉ានានា ប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងចៀសវាងដាច់ខាតនូវអំពើហិង្សាគ្រប់រូបភាព ជំរុញការចូលរួមអនុវត្តន៍នយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ដូចខាងក្រោម៖

*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ និងបទល្មើសគ្រប់ប្រភេទដទៃទៀត។
*ទី៣៖ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសការពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍។
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
*ទី៦៖ មានអនាម័យនិងសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
*ទី៧៖ ឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជម្ងឺរាតត្បាតដែលកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានអំពាវនាវឲ្យមន្ត្រី អាជ្ញាធរពាក់ព័ន្ធ បន្តចូលរួមការអប់រំសព្វផ្សាយ ការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយលោកក៏សង្ឃឹមយ៉ាងម៉ុតមាំថា ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការ ប្រជាពលរដ្ឋទាំងអស់នៃក្រុងបូកគោ នឹងខិតខំបំពេញការងារសហការរួមគ្នា ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗថាទៀត៕