(ភ្នំពេញ)៖ ក្នុងឱកាសធ្វើជាវាគ្មិនកិត្តិយសក្នុង «កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញរំលែកនូវបទពិសេធន៍ និងទម្លាប់ធ្វើការងាររបស់ខ្លួន ដល់យុវជនដែលជាទំពាំងស្នងឫស្សី។

ក្នុងការចែករំលែកបទពិសោធន៍នោះ លោករដ្ឋមន្ត្រីបានលើកថា ជីវិតដែលរស់នៅដោយគ្មានការប្រកួតប្រជែង គ្មានតិះទៀន មិនអាចធ្វើឱ្យយើងខ្លាំងបាន មិនអាចធ្វើឱ្យយើងទៅជាអ្នកប្រយុទ្ធ អ្នកដឹកនាំបានពូកែទេ។ ដូច្នេះយុវជនសូមកុំខ្លាច នូវជីវិតការប្រកួតប្រជែង ការតិះទៀត ការប្រឈមបញ្ហា ទាំងអស់នេះហើយ ដែលនាំអ្នកទៅរកជោគជ័យ។

លោក វង្សី វិស្សុត បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងជីវិតការងាររបស់ខ្ញុំ ខ្ញុំជឿលើការប្រកួតប្រជែង និងការរិះគន់។ ការប្រកួតប្រជែង គឺនាំទៅរកការបង្កើនសមត្ថភាព ទៅរកឃើញកម្លាំងពិត សមត្ថភាពពិត ការតិះទៀននាំឱ្យយើងចេះកែខ្លួន ចេះកែតម្រូវ ធ្វើឱ្យយើងកាន់តែល្អ កាន់តែមានគុណភាព។ ជីវិតរស់នៅដោយគ្មានការប្រកួតប្រជែង គ្មានតិះទៀន មិនអាចធ្វើឱ្យយើងខ្លាំងបាន មិនអាចធ្វើឱ្យយើងទៅជាអ្នកប្រយុទ្ធ អ្នកដឹកនាំបានពូកែទេ។ នៅពេលសង្គមមានសន្តិភាពអ៊ីចឹង មានតែការប្រកួតប្រជែង និងការតិះទៀនទេ ដែលអាចជួយឱ្យយើងទៅជាសង្គមមួយ មានពលរដ្ឋពូកែបាន។ ខ្ញុំជឿអ៊ីចឹង។ ប៉ុន្តែបើប្រទេសលំបាកវិញ សង្គ្រាមច្រើនវិញ អាហ្នឹងក៏បណ្តុះអ្នកពូកែច្រើនដែរ អ្នកខ្លាំងច្រើនដែរ។ ដូចគេថា វីរបុរសចេញពីសង្គ្រាម។ ប៉ុន្តែក្នុងសង្គមលក្ខខណ្ឌសន្តិភាព មានតែការប្រកួតប្រជែង និងការតិះទៀននេះហើយ ហើយការតស៊ូមតិនេះហើយ ក៏ជាការប្រកួតប្រជែងរកចំណុចល្អ ចំណុចខ្លាំង ទីបំផុតនាំទៅរកការបង្កើនការចេះដឹង បង្កើនសមត្ថភាពរបស់យើង»

លោករដ្ឋមន្ត្រីបន្តថា យុវជនដែលជោគជ័យ មិនមែនជោគជ័យតែខ្លួនឯងនោះទេ គឺត្រូវជោគជ័យទាំងខ្លួនឯងផង និងជោគជ័យសម្រាប់ប្រទេសជាតិផង ដោយត្រូវដាក់ប្រយោជន៍ខ្លួនឯង ឲ្យទាបជាងប្រយោជន៍របស់ជាតិ កុំឲ្យសោះយកប្រយោជន៍របស់ខ្លួនខ្ពស់ជាងប្រយោជន៍របស់ជាតិ។

លោកបន្តថា «មនុស្សមិនអាចមិនគិតពីប្រយោជន៍របស់ខ្លួនឯងទេ ប៉ុន្តែត្រូវដាក់ប្រយោជន៍របស់ខ្លួនឯង ឲ្យក្រោមប្រយោជន៍ជាតិ ធ្វើបែបនេះយុវជន នឹងជោគជ័យសម្រាប់ខ្លួនឯង សម្រាប់ប្រទេសជាតិ ហើយបានយូរអង្វែង»

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានជំរុញឲ្យយុវជនខិតខំប្រឹងប្រែងរៀនសូត្រ ហើយក្នុងជីវិតម្នាក់ៗ ពិសេសយុវជន ដើម្បីស្វែងរកភាពជោគជ័យបាន រៀនសូត្រតែជំនាញមួយមុខមិនទាន់គ្រប់គ្រាន់ទេ ចាំបាច់ត្រូវមានជំនាញ២ គឺជំនាញរឹង (Hard Skill) និងជំនាញទន់ (Soft Skill) ដែលជាជំនាញដ៏ចាំបាច់ណាស់ ពិសេសជំនាញទន់ ដែលសំខាន់ក្នុងពេលយើងចូលបម្រើការងារ។

លោកបណ្ឌិត បានលើកយកភាពជោគជ័យ នៃប្រទេសជប៉ុន ដែលទទួលបានដល់សព្វថ្ងៃនេះ គឺដោយសារការបណ្តុះបណ្តាលធនធានមនុស្សពីក្មេង ហើយមិនមែនបណ្តុះជំនាញតែមុខនោះទេ គឺមានការបណ្តុះទស្សនៈ សីលធម៌ ចរិតលក្ខណៈ ចរិយាធម៌ តាំងពីក្មេង៕