(បាងកក,ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើសមាជិកព្រឹទ្ធសភាថៃ ជួយផ្តល់ការគាំពារដល់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ជាពិសេសក្នុងកំលុងពេលការរាតត្បាតនៃជំងឺកូវីដ១៩។

សំណើបានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត សុខ សុក្រឹត្យា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោកបណ្ឌិតសាស្តា្រចារ្យ សាំងសីទ ភិរិយៈរ៉ាំងសាន់ (Dr. Sungsith Piriyarangsan) សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាទទួលបន្ទុកកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៃព្រឹទ្ធសភាថៃ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ នៅទីក្រុងបាងកក។ លោកបណ្ឌិតសាស្ត្រាចារ្យ សាំងសីទ ភិរិយៈរ៉ាំងសាន់ ក៏ធ្លាប់ជាគ្រូរបស់លោកបណ្ឌិត សុខ សុក្រឹត្យា កាលលោកសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យក្នុងប្រទេសថៃផងដែរ។

ក្នុងជំនួបពិភាក្សានោះ បានផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរទស្សនៈ យោបល់ និងការស្វែងរកវិធានការចាំបាច់នានាដើម្បីជាដំណោះស្រាយចំពោះបញ្ហាកូវីដ១៩ ជាពិសេសសម្រាប់ពលករខ្មែរចំណាកស្រុក។

លោកបណ្ឌិត សុខ សុក្រឹត្យា បានគូសរំលេចថា បញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសថៃ ក៏បានបង្កការលំបាកច្រើនដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ។ លោកបានលើកឡើងនៅចំពោះមុខសមាជិកព្រឹទ្ធសភាថៃដោយបង្ហាញក្តីរំពឹងថា អាជ្ញាធរថៃ នឹងផ្តល់ការគាំពារខ្ពស់ដល់ពួកគេទាំងការរស់នៅចំពោះមុខនៃវិបត្តិ និងការរាតត្បាតជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោកបណ្ឌិតសាស្ត្រាចារ្យ សាំងសីទ ភិរិយៈរ៉ាំងសាន់ បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័ស ធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ។ លោកសាស្ត្រាចារ្យ សាំងសីទ ភិរិយៈរ៉ាំងសាន់ បានកត់សម្គាល់ដែរថា ដោយឈរលើនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ បានដោះស្រាយបញ្ហាក្រីក្រ វិសមភាព និងគំលាតសង្គមដោយជោគជ័យ។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បានកោតសរសើរសម្តេចតេជោ ជុំវិញចំណាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ លោកបានលើកឡើងថា សម្តេចតេជោ បានដាក់ចេញវិធានការការពារជំងឺកូវីដ១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឈានមុខគេនៅក្នុងតំបន់អាស៊ាន។

តាមរយៈលោកបណ្ឌិត សុខ សុក្រឹត្យា លោកបណ្ឌិតសាស្រ្តាចារ្យសាំងសីទ បានផ្តាំផ្ញើសេចក្តីនឹករលឹក និងការសួរសុខទុក្ខជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងជំនួបនោះលោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហការល្អរវាងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការប្តេជ្ញាបន្តថែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕