(ភ្នំពេញ)៖ កុមារីវ័យ៨ឆ្នាំម្នាក់ បានលេបសក់របស់ខ្លួនម្តងបន្តិចៗធ្លាក់ទៅជាប់ក្នុងក្រពះមួយដុំធំ។ ជាសំណាងល្អកុមារីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួយវះយកដុំសក់នោះចេញពីក្រពះបានដោយជោគជ័យ។

នៅលើទំព័រហ្វេសប៊ុក លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលជាស្ថាបនិកមន្ទីរគន្ធបុប្ផា បានរៀបរាប់ថា កុមារីអាយុ ៨ឆ្នាំម្នាក់នេះ កើតមានអាការៈឈឺចុកពោះ និងដុំពោះ អស់រយៈពេលជាង២ខែមកហើយ។ ការថតឆ្លុះក្រពះដោយម៉ាស៊ីន MRI និងឆ្លុះក្រពះដោយហ្វីប្រូស្កូប (fibroscopy) បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំ ហៅថាទ្រីកូប៊ីហ្សូអារ (trichobezoar) ដែលក្មេងស្រីនេះបានលេបសក់ខ្លួនឯងបន្តិចម្តងៗជាច្រើនខែមកហើយ បណ្តាលឱ្យស្ទះក្រពះ រលាក និងដំបៅក្រពះទៀតផង។

ប្រភពបានរៀបរាប់ថា ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំនេះចេញពីក្រពះកុមារីដ៏កម្សត់នេះ បានដោយជោគជ័យ។

លើទំព័រហ្វេសប៊ុករបស់ស្ថាបនិកមន្ទីរពេទ្យមនុស្សធម៌នៅកម្ពុជានេះ ក៏បានរៀបរាប់ផងដែរពីបញ្ហាសំណុំដុំសក់ក្នុងក្រពះនេះ។ នេះជាអាការៈរោគដ៏កម្រ ដែលគេហៅទ្រីកូប៊ីហ្សូអារ ឬ សំណុំដុំសក់ក្នុងក្រពះ (gastric trichobezoar or hairball) មិនមែនជាជំងឺទេ តែជាសំណុំសរសៃសក់ ដែលកុមារ ឬក្មេងជំទង់ (ពិសេសក្មេងស្រី) បានលេបសរសៃសក់មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះ ដោយហេតុផលណាមួយ ដែលជាទូទៅទាក់ទងនឹងការប្រែប្រួលខុសប្រក្រតីនៃផ្លូូវចិត្តរបស់ក្មេង ហើយបន្តិចម្តងៗ បង្កើតបានជាដុំសក់ក្រាំងក្រញាញ់ចូលគ្នា នៅក្នុងក្រពះ។

សំណុំដុំសក់នេះ មិនរលាយក្នុងក្រពះទេ តែវាក្លាយជាដុំកាន់តែធំអាចបណ្តាលឲ្យស្ទះក្រពះ រលាកក្រពះ ដំបៅក្រពះ និងអាចហូរឈាមឬធ្លាយក្រពះក៏មាន៕