(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមផ្លូវពយតាមូង ដែលតភ្ជាប់ពីវិថី ២ធ្នូ ចំណុចឆ្នេរសុខា ទៅផ្លូវលេខ៥០២ ចំណុចឆ្នេរអូរឈើទាលជា «វិថីតេជោ» និងស្ថាបនាបដិមាព្រះស្ថន្ទទ្រង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វត្រីកោណ ដូចមានក្នុងប្លង់បង្ហាញទីតាំងភ្ជាប់ជាមួយ នៅក្រុងព្រះសីហនុ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែល បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតជូន គ.អ.ឆ.ក. ចាត់ចែងស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រង់ចំណុចជាប់ស្ពានពីយអូរឈើទាល ដោយប្រើប្រាស់កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជូនរួចចំនួន ២០លានដុល្លារអាម៉េរិក បានពីការអនុវត្តគម្រោងទេសចរណ៍នាគរាជ។

លិខិតដដែល បានបញ្ជាក់ថា អនុញ្ញាតជូន គ.អ.ឆ.ក. អនុវត្តគម្រោងរៀបចំកែលម្អរឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយត្រូវ៖

* រៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង២,៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អសម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹង ប្រវែង៥០ម៉ែត្រ និងបណ្តោយប្រវែង២,៧០០ម៉ែត្រ ដោយរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ។

* ថវិកាសម្រាប់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ ជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួរច្បារ៕

ខាងក្រោមនេះ ជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖