(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង២នាក់ ដែលបន្លំខ្លួនធ្វើជាមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យនេះ បានធ្វើឡើងការបញ្ជាផ្ទាល់ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់លោក តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០២នាក់ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។

ជនសង្ស័យទាំង២ មានឈ្មោះ៖

ទី១៖ ឈ្មោះ លុន តុនឡេង ហៅឡេង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ។
និងទី២៖ ឈ្មោះ អៀម ប៊ុនធឿន ហៅអែល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ។

ដកហូតវត្ថុតាងរួមមាន៖ រថយន្ត០១ គ្រឿង, ទូរស័ព្ទ ០៣គ្រឿង។

ចំពោះករណីនេះក្រោយជំនាញបានសួរនាំជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រពិតប្រាកដមែន។ បច្ចុប្បន្ន កម្លាងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធីទៅតុលាការ៕