(ស្វាយរៀង)៖ សមិទ្ធផលនានា នៅមណ្ឌលសុខភាពបាវិត ខេត្តស្វាយរៀង ដែលមានតម្លៃជាង ១១ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់សប្បុរសជននានា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។

ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយអគារសម្ភព១ខ្នង មាន៤បន្ទប់ ក្លោងទ្វារ របងថ្មព័ទ្ធជុំវិញ រួមនិងរថយន្តសង្រ្គោះមួយគ្រឿង ដែលជាអំណោយរបស់សប្បុរសជននានា នៅក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះមានចូលរួមពី លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកវេជ្ជបណ្ឌិត វន វិណារ៉ា អនុប្រធានមន្ទីរសុខាភិបាល លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ លោកចៅសង្កាត់បាវិត និងលោក លោកស្រីសប្បុរសជនមួយចំនួន។

បើតាមលោកស្រី សៀន គន្ធា ប្រធានស្ដីទីមណ្ឌលសុខភាពបាវិត បានឱ្យដឹងថា កន្លងមកមណ្ឌលសុខភាពបាវិត មានអាគារដែលអាចប្រើប្រាស់បានចំនួន១ មានរបងលួសទ្រុឌទ្រោម ព្រមទាំងគ្មានរថយន្តសង្គ្រោះបន្ទាន់ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់នោះទេ។ ជាក់ស្ដែងមណ្ឌលសុខភាពបាវិតបច្ចុប្បន្ន កំពុងផ្តល់សេវាពិនិត្យផ្ទៃពោះ សេវាចាក់ថ្នាំបង្ការ សេវាពិគ្រោះជំងឺក្រៅ សេវារំលូត សេវាព្យាបាលជំងឺរបេង សេវាពន្យាកំណើត សេវាវះកាត់តូចជាដើម ជាពិសេសគឺសេវាសម្រាលកូន គឺនៅលើអាគារតែមួយ ដោយការសម្រាលកូនថ្ងៃខ្លះរហូតដល់ចំនួន០៥នាក់ ធ្វើឱ្យខ្វះកន្លែង និងគ្មានបន្ទប់គ្រប់គ្រាន់ឱ្យពួកគាត់សម្រាក រួមទាំងការបម្រើសេវាផ្សេងៗទៀត មានសភាពចង្អៀត ហេតុនេះទើបលោកស្រី សៀន គន្ធា ព្យាយាមអំពាវនាវការសុំជំនួយពីសំណាក់សប្បុរសជន។

លោកស្រីបានបន្តថា តបតាមការអំពាវនាវរបស់លោកស្រី សប្បុរសជនជាច្រើននៅក្នុងក្រុងបាវិត បានរួមគ្នាជួយកសាងអាគារសម្ភព ១ខ្នង មាន ៤បន្ទប់ បំពាក់សម្ភារៈបរិក្ខារពេទ្យ ជួយកសាងក្លោងទ្វារ របងថ្មព័ទ្ធជុំវិញ និងផ្តល់ជូនរថយន្តសង្គ្រោះមួយគ្រឿង ដោយចំណាយថវិកាសរុប ១១៣,៨៥០ដុល្លារសហរដ្ឋអាមេរិក ដើម្បីឱ្យមណ្ឌលសុខភាពមានលក្ខណៈគ្រប់គ្រាន់ក្នុងការផ្តល់សេវាប្រកបដោយគុណភាពជូនប្រជាពលរដ្ឋនៅក្រុងបាវិត។

ក្នុងឱកាសនោះលោកបណ្ឌិត កែរ រដ្ឋា បាននាំមកនូវបណ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង ជូនចំពោះក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋជាសប្បុរសជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

លោកបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា សប្បុរជនបានជម្រាបជូនឯកឧត្តមបណ្ឌិតថា ដោយសារសង្កេតឃើញការខ្វះខាតរបស់មណ្ឌលសុខភាពបាវិត និងបន្ទាប់ពីលោកស្រី សៀន គន្ធា ឡើងកាន់ជាប្រធានមណ្ឌលសុខភាពស្តីទីមក មណ្ឌលសុខភាព មានការអភិវឌ្ឍន៍ច្រើន មានបុគ្គលិកយាមកាមជាប្រចាំ ទាំងថ្ងៃទាំងយប់ ខិតខំផ្តល់សេវាគ្រប់ផ្នែកប្រកបដោយគុណព រួមទាំងសំដីសំដៅទន់ភ្លន់ រួសរាយរាក់ទាក់ ទើបពួកគាត់រួមគ្នាជួយឧបត្ថម្ភក្នុងពេលនេះ និងបន្តឧបត្ថម្ភទៀតនៅពេលខាងមុខ។

លោកបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តជ្រះថ្លា បានគៀងគគ្នា ទាំងកម្លាំងកាយកម្លាំងចិត្ត រួមនិងថវិការហូតសម្រេចបាននូវសមិទ្ធផលនានា សម្រាប់បម្រើឱ្យវិស័យសុខាភិបាលនៅមណ្ឌលសុខភាពបាវិត។

លោកបណ្ឌិត កែរ រដ្ឋា បានកោតសរសើរ ចំពោះលោកស្រីប្រធានស្ដីទីមណ្ឌលសុខភាពបាវិត ដែលនាពេលកន្លងមក បានខិតខំបម្រើការងារបានយ៉ាងល្អនៅក្នុងអង្គភាព ក៏ដូចជាការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសគឺការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្រុងបាវិតនេះ។ ជាងនេះទៅទៀត គឺលោកស្រី បានគៀងគររកសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើននៅមណ្ឌលសុខភាពបាវិត។

លោកបណ្ឌិតប្រធានមន្ទីរសុខាភិបាល បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល «៣ការពារ និងកុំ» ២ចូលរួម ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលដល់សហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់៕