(កំពង់ធំ)៖ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យសិស្សស្រី ព្រមទាំងសិស្សានុសិស្សទាំងអស់ត្រូវតែសិក្សារៀនសូត្រយ៉ាងហោចឱ្យចប់ថ្នាក់កម្រិតមូលដ្ឋាន។

ការជំរុញបែបនេះ របស់លោក គៀង សេងគី បានធ្វើឡើងក្នុងឱកាសផ្តល់សម្ភារៈសិក្សា និងកង់ដល់សិស្សានុសិស្សចំនួន ១០០នាក់ក្នុងឃុំសំបូរ ឃុំតាំងក្រសៅ និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្ម និងអប់រំដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

លោកបានបញ្ជាក់ថា ការអប់រំឱ្យមានការផ្លាស់ប្ដូរ គឺជួយដើម្បីឱ្យកូនខ្មែរទាំងអស់បានផ្ដល់នូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយក្នុងការទទួលបាននូវយន្តការជ្រើសរើស សម្រាប់កសាងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរតាមរយៈការគិតពិចារណា ដើម្បីបង្កើតជំនឿចិត្តដល់នូវសេចក្តីសង្ឃឹមដែលជាថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ។

លោកបានគូសបញ្ជាក់ទៀតថា ការសិក្សារៀនសូត្រ ត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលាដើម្បីឱ្យក្លាយទៅជាមនុស្សល្អកសាងប្រទេសជាតិឱ្យមានការរីកចម្រើនព្រោះក្មេងៗជាទំពាំងស្នងឫស្សីហើយសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យនិងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ជាមួយគ្នានេះដែរលោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមានជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ លោក គៀង សេងគី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)និងអង្គការអេដអាក់ស្យុង (AEA)និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះដែរសិស្សានុសិស្សដែលបានទទួលសម្ភារៈសិក្សានិងកង់បានធ្វើការប្តេជ្ញាចិត្ត និងខិតខំរៀនសូត្រស្តាប់តាមការណែនាំដើម្បីចូលរួមបម្រើសង្គមជាតិ៕