(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។
មន្ដ្រីជាន់ខ្ពស់នៅបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង»។
ដូច្នេះសូមប្រជាកសិករដែលមានផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ នៅតារាងបាល់ទាត់ខេត្តបាត់ដំបង ជិតសាលាភូមិភាគ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖
*ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
*ទី២៖ លោក ស៊ុន ម៉េងហៃ នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស និងជំនួយការផ្ទាល់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទូរស័ព្ទលេខ៖ 088 903 7777។
សូមជម្រាបថា ផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន។
លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករ ជាសមាជិកមានចំនួន២,៩០០ហិកតា នៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានប្រមាណជាង៥ម៉ឺនតោន។
លោកបន្តថា នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះ មិនអាចនាំចេញទៅប្រទេសថៃបានឡើយ។ លោកបញ្ជាក់ថា កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្ម ក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាលក់មៀនមិនចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហាបានចេញប្រកាសព័ត៌មានមួយ ដោយជំរុញអ្នកនាំចេញបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ។ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួររួមគ្នាផលិតផលខ្មែរ ក្រោមរូបភាពខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍មៀនប៉ៃលិន៕