(កំពង់ឆ្នាំង)៖ មានករណីផ្ទុះសេខ្សែភ្លើងនេះបណ្ដោលឱ្យក្មេងប្រុសស្រីចំនួន២នាក់ ជាបងប្អូនបង្កើត បានស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងវេទនា។

អគ្គីភ័យមួយបានកើតឡើងខណៈដែលក្មេងប្រុសទាំង២នាក់ ត្រូវបានជីតា ចាក់សោរពីក្រៅមិនឱ្យចេញដោយខ្លាចចៅទាំងពីរនាក់ទៅលេងទឹក នៅវេលាម៉ោង៩៖១៦នាទី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ មានទីតាំងស្ថិតនៅភូមិពោធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់លោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា ក្មេងប្រុសស្រី រងគ្រោះទាំង ២នាក់រួមមាន៖ ឈ្មោះនឿន ចិត្រា ភេទប្រុសអាយុ ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ នឿន ចិន្តា ភេទស្រី អាយុ៧ឆ្នាំ ពួកគេទាំង២នាក់ មានឪពុកឈ្មោះ អ៊ូ ចាន់នឿន និងម្ដាយឈ្មោះ សួន សំអូន មានទីលំនៅភូមិឃុំខាងលើ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុឪពុកម្ដាយកុមាររងគ្រោះទាំង ២នាក់ មិននៅផ្ទះទេ គឺចេញទៅធ្វើការបាត់ដោយទុកកូនប្រុសស្រី៣នាក់ ឱ្យជីតាជាអ្នកមើលថែ។ នៅព្រឹកនោះដែរ ដោយខ្លាចចៅចេញទៅលេងទឹកបណ្ដាលឱ្យលង់ ទើបពេលជីតាចេញទៅផ្សារយកចៅទៅតាមម្នាក់ ដោយទុកចៅ២នាក់ដែលជាកុមាររងគ្រោះនៅផ្ទះ និងបានខ្ទាស់ទ្វារពីខាងក្រៅរួចក៏ទៅផ្សារបាត់ទៅ។ ចៃដន្យអាក្រក់ ស្រាប់តែមានអគ្គីភ័យបានកើតឡើង បណ្ដាលឱ្យកុមារទាំង២នាក់ចេញពុំរួច ត្រូវបានឆេះស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មតែម្តង។

ក្នុងគ្រាដែលកំពុងតែមានអគ្គីភ័យនោះផងដែរ រថយន្តពន្លត់អគ្គីភ័យបានទៅជួយបាញ់ទឹកពន្លត់ និងអ្នកខ្លះព្យាយាមឡើងពីខាងលើរួច ចុះទៅជួយកុមារទាំងពីរនាក់ ប៉ុន្តែមិនអាចជួយបានឡើយ ព្រោះពួកគេទាំង២នាក់ បានឆេះស្លាប់អស់ទៅហើយ។

តាមប្រភពពីសមត្ថកិច្ចដដែលបានបញ្ជាក់ថា ផ្ទះខាងលើទើបនឹងធ្វើមិនទាន់រួច ដោយផ្ទះនោះធ្វើអំពីថ្ម និងមានទំហំ ១២គុណនឹង៥ម៉ែត្រ មានកម្ពស់២ជាន់ ហើយការដែលមានអគ្គីភ័យកើតឡើងនេះ គឺដោយសារតែផ្ទុះសេខ្សែភ្លើង ករណីដែលមានអគ្គីភ័យកើតឡើងនេះសមត្ថកិច្ចនៅធ្វើការស្រាវជ្រាវជាបន្តទៀត៕