(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យរថយន្តចល័តយោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១នេះ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាថ្ងៃនេះ មានការដឹកនាំផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ មានការចូលរួមចាក់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ហើយមានកិច្ចសហការល្អ និងបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១នេះ។

លោកឧត្តមសេនីយ៍ ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងរថយន្តចល័ត កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅជិតកន្លែងរស់នៅ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ រួចរាល់ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសវិធានការ «៣កុំ ៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ឆ្លើយតបទៅការផ្តល់ជូននូវវ៉ាក់សាំងដូសទី១នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ពួកគេបានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕