(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ពីការរៀបចំក្រុមការងារសម្របសម្រួល សហការជាមួយក្រុមការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដើម្បីប្រមូលទិញផ្លែមៀន (តាង៉ែន) របស់ប្រជាពលរដ្ឋតាមព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារខេត្តសម្រាប់រៀបចំសហការនេះមានលេខទូរស័ព្ទ៖ ០៧៨ ៧៧៧ ៣៧៦/ ០៩៥ ៩៥១ ១១១។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

ដូច្នេះសូមប្រជាកសិករដែលមានផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ នៅតារាងបាល់ទាត់ខេត្តបាត់ដំបង ជិតសាលាភូមិភាគ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖

*ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
*ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777៕