(ភ្នំពេញ)៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

កិច្ចប្រជុំនេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការ នៃគ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមទីតាំងមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ចំនួន២ទីតាំងបន្ថែមទៀត រួមមាន ទី១៖ អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ មានចំនួន២៥០ គ្រែ និងទី២៖ វិទ្យាល័យ ជាស៊ីម ឈូកវ៉ា មានចំនួន ៣០០គ្រែ សរុបទីតាំងទាំងពីរនេះ មានលទ្ធភាពទទួលអ្នកចត្តាឡីស័កចំនួន ៥៥០គ្រែ/នាក់។ ត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមាន សមត្ថភាពទទូលជំងឺជាង ១,៤០០គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន១៣៥០គ្រែ នឹងគ្រែសង្គ្រោះបន្ទាន់ មានចំនួន ៨៨គ្រែ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះ។

តែចុងក្រោយនេះ ក៏មានប្រភេទដែលតារីករាលដាលបន្ត ដែលជំរុញឲ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ដូច្នេះហើយទើបមានកិច្ចប្រជុំនាឱកាសនេះ ដើម្បីរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

សូមជម្រាបថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន១១១នាក់ ដោយបែងចែកជា ៣ករណី ក្នុងនោះ ករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និងករណីរកឃើញដលតា (Delta) នៅក្នុងសហគមន៍៕