(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសតែងតាំង លោក សាយ គឹមឡម ជាអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី ដែលត្រូវផ្ទេរទៅបម្រើការងារ នៅសាលាខេត្តកំពង់ធំ។

ពិធីប្រកាសតែងតាំងអភិបាលស្រុកស្ទោងថ្មីនេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, លោក សុខ លូ អភិបាលខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រីមន្ត្រីរាជការក្នុងស្រុកស្ទោងមួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ លោក សុខ លូ បានក្រើនរំឮកថា កងកម្លាំងទាំងអស់មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តនោះទេ គឺស្តាប់មេកើយរបស់ខ្លួន និងគណៈបញ្ជាការឯកភាពក្រុងស្រុកហើយ អភិបាលក្រុង ស្រុកត្រូវក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ។ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះ ជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។

មន្ត្រីទាំងអស់គប្បី យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឱ្យបាននូវអភិក្រមទាំងប្រាំចំណុច គឺដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

លោក សុខ លូ បានបន្ថែមថា បញ្ហាជំងឺកូវីដ១៩នេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក បានកំពុងតែយកចិត្តទុកដាក់បំផុត និងអំពាវនាវសម្បុរសជនជួយឧបត្ថម្ភ បន្ថែមលើគោលរបបដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជួយឧត្តមក្នុង១ថ្ងៃ ២ម៉ឺនរៀលដល់ អ្នកដែលពាក់ព័ន្ឋនិងជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការពារជំងឺនេះបាន គឺត្រូវតែអនុវត្តឱ្យបាននូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន និងត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទីកន្លែង រួមទាំងអំពាវនាវដល់មន្រ្តីរាជការឱ្យមកចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញតាមពេលវេលាដែលរដ្ឋបាលខេត្តបានកំណត់។

លោក សុខ លូ បានបញ្ជាក់ថា ជីវិតមន្រ្តីរាជការ មានការផ្លាស់ប្តូរតួនាទីភារកិច្ច គឺជារឿងធម្មតា តាមពេលវេលាដែលច្បាប់បានកំណត់ ជាពិសេសនេះ គឺជាការឆ្លើយតបរបស់ថ្នាក់ដឹកនាំ ចំពោះការខិតខំប្រឹងប្រែងរបស់លោក សាយ គឹមឡម ដែលថ្នាក់លើជឿជាក់និងទុកចិត្តផ្តល់ក្តីសង្ឃឹម។

ជាមួយគ្នានោះដែរលោក សាយ គឹមឡម ដែលទើបនឹងទទួលបានការប្រកាសតែងតាំងជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

ទី១៖ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងឆ្លើយតបឱ្យបានទាន់ពេល
ទី២៖ ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋាន
ទី៣៖ ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើ
ទី៤៖ ប្តេជ្ញាអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
និងទី៥៖ ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបានល្អដោយការទទួលខុសត្រូវខ្ពស់៕