(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានពន្លឿនការងារផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ខណៈដែលបណ្ណប្រមាណ ៨០ម៉ឺនបណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋរួចរាល់ហើយ។

ក្រសួងការពារជាតិ បានទទួលបន្ទុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៩រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, សៀមរាប និងបន្ទាយមានជ័យ។

ក្នុងខេត្តរាជធានី-ខេត្តទាំង៩នេះ មានប្រជាពលរដ្ឋសរុបប្រមាណជា ២លាន ៧សែននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ដូសទី១ ចាក់រួចរាល់ស្ទើរតែទាំងស្រុងហើយ នៅសល់តែក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។

ដំណើរការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ត្រូវបានមើលឃើញថា ធ្វើក្នុងល្បឿនលឿន ហើយនាំឱ្យមានការកោតសរសើរផងដែរ។ ប៉ុន្តែក៏មានបញ្ហាចោទឡើងពាក់ព័ន្ធនឹងការផលិតបណ្ណចាក់វ៉ាក់សាំងផងដែរ។

ការផលិតបណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ខុសពីក្រសួងសុខាភិបាល។ ខុសត្រង់ថាការចាក់ជាមួយក្រសួងសុខាភិបាល គឺចាក់ភ្លាម ទទួលបានបណ្ណចាក់វ៉ាក់សាំងតាំងពីដូសទី១មកម្ល៉េះ។ ដោយឡែកការចាក់វ៉ាក់សាំងជាមួយក្រសួងការពារជាតិ មិនទទួលបានបណ្ណភ្លាមៗនោះឡើយ។

នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើដំណើរចុះទៅទីតាំងផលិតបណ្ណចាក់វ៉ាក់សាំងនៅកងពលតូចលេខ៧០ និងវិទ្យាស្ថានសុខាភិបាលសុខាភិបាលក្រសួងការពារជាតិ ដើម្បីពិនិត្យនូវដំណើរការផលិតបណ្ណចាក់វ៉ាក់សាំង។ នៅកន្លែងផលិតបណ្ណគេបានសង្កេតឃើញក្រុមការងារញាប់ដៃញាប់ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារផលិតបណ្ណចាក់វ៉ាក់សាំងនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ការដែលមិនអាចផ្តល់បណ្ណចាក់វ៉ាក់សាំងបានភ្លាមៗ ដោយសារការផលិតបណ្ណនៅក្រសួងការពារ គឺទាមទារមានការផ្ទៀងផ្ទាត់ច្បាស់លាស់ ជាពិសេសការដាក់រូបថតរបស់អ្នកចាក់នៅលើបណ្ណ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋរួចហើយនោះ គឺត្រូវថតរូប និងឯកសារពាក់ព័ន្ធបញ្ជូនទៅកាន់កន្លែងផ្ទុកទិន្នន័យ បន្ទាប់មកបញ្ចូលទិន្នន័យ ហើយទើបបោះពុម្ពចេញជាក្រោយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា លើផែនការបណ្ណវ៉ាក់សាំងដែលត្រូវផលិតប្រមាណ ២លាន ៧សែនបណ្ណនោះ ក្រុមការងារផលិតបានរួចរាល់ប្រមាណ ១លាន ២សែន ហើយការបញ្ចូលទិន្នន័យបានចំនួន ២លាន ២សែនហើយ។ ដោយឡែកទិន្នន័យអ្នកចាក់ដែលមិនទាន់បញ្ចូលមានប្រមាណជា ៥សែនទៀត។

បច្ចុប្បន្នក្រសួងការពារជាតិ បានបង្កើតគណៈកម្មការមួយគ្រប់គ្រង និងជំរុញការផលិតបណ្ណចាក់វ៉ាក់សាំងនេះ ដើម្បីបង្កើនល្បឿនការងារផលិតបណ្ណវ៉ាក់សាំង។ ក្រុមការងារផលិតបណ្ណចាក់វ៉ាក់សាំងមានជិត ២ពាន់នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាមួយក្រសួងការពារជាតិ កុំបារម្ភរឿងអត់បានបណ្ណ ព្រោះក្រុមការងារកំពុងពន្លឿនលើការងារចាក់នេះហើយ ហើយការផលិតបណ្ណនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ឱ្យបានជ្រាបថា និយាយរួមកុំបារម្ភថា ហ្អេកងយោធពលខេមរភូមិន្ទចាក់ហើយអត់បានបណ្ណ មិនងាយបានបណ្ណ។ អំណឹតទៅគឺរយៈពេលមិនយូរទេ នឹងបានបណ្ណ សូមអត់ធ្មត់បន្តិច។ យើងខិតខំណាស់ ជាពិសេសសម្តេចពិជ័យសេនាគាត់ខិតខំ ណែនាំ ចង្អុលបង្ហាញទៅដល់អ្នកបច្ចេកទេសឱ្យរិះរកវិធីផលិតឱ្យទាន់»

ពាក់ព័ន្ធនឹងបណ្ណចាក់វ៉ាក់សាំងនេះដែរ លោក ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែបានទទួលបណ្ណហើយនោះ ត្រូវថែរក្សាឱ្យបានល្អកុំឱ្យបាត់បង់ ព្រោះវាមានភាពចាំបាច់ក្នុងការប្រើប្រាស់ទៅថ្ងៃខាងមុខ។

ពាក់ព័ន្ធនឹងការងារផ្តល់បណ្ណវិញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា នៅពេលផលិតរួចរាល់ក្រុមការងារ នឹងប្រគល់ជូនទៅកម្លាំងកងរាជអាវុធហត្ថជាអ្នកចែកជូនប្រជាពលរដ្ឋសម្រាប់រាជធានីភ្នំពេញ។ ដោយឡែកនៅតាមខេត្ត គឺប្រគល់ជូនទៅកាន់កម្លាំងយោធាខេត្ត។

ពាក់ព័ន្ធនឹងការផ្តល់បណ្ណចាក់វ៉ាក់សាំងនេះទៀតសោត ក្រុមការងារក្រសួង ក៏បានរៀបចំប្រព័ន្ធបច្ចេកពិសេសមួយទៀត គឺនៅពេលបណ្ណត្រូវបានប្រគល់ទៅដល់កន្លែងចែកជូនប្រជាពលរដ្ឋ គឺមានការផ្ញើសារទៅកាន់លេខទូរស័ព្ទរបស់ចាក់ ដើម្បីជាដំណឹងថែមទៀតផង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកទៅដល់ប្រជាពលរដ្ឋដែរថា ការចែកបណ្ណចាក់វ៉ាក់សាំងមិនមានតម្រូវឱ្យយកលុយកាក់ពីប្រជាពលរដ្ឋនោះឡើយ។ ក្នុងករណីមានអ្នកទារលុយកាក់ សូមរាយការណ៍បន្ទាន់ទៅកាន់រូបលោក លោកនឹងចាត់វិធានការតាមច្បាប់៕