(សៀមរាប)៖ ប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលស្រុកពួក បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមានអាជីវករលក់ដូរនៅក្នុងផ្សារពួក ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារពួកផងដែរ។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី១៧ ខែ សីហានេះ រដ្ឋបាលស្រុកពួកបានយកសំណាកប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារពួក បានចំនួន ២,១៤៩ នាក់ ហើយក្នុងនោះវិជ្ជមានចំនួន ២៩៣នាក់។

តាមការរៀបរាប់ពីលោកអភិបាលស្រុក បានឲ្យដឹងថា មូលហេតុនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងផ្សារពួក ដោយសារស្រុកពួកនៅជាប់ស្រុកអង្គរជុំ ហើយជាប់ក្រុងសៀមរាប ដែលមានការផ្ទុះជំងឺកូវីដ១៩មុនគេ។ ប្រជាពលរដ្ឋនៅស្រុកពួកខ្លះ បានទៅធ្វើការក្រុមហ៊ុនឯកជន ធនាគារ និងអាជីវករលក់ដូរនៅក្នុងផ្សារក្រុងសៀមរាប ហើយប្រជាពលរដ្ឋទាំងនោះ បាននាំជំងឺកូវីត១៩ មកឱ្យមានការឆ្លងរីករាលដាលនៅក្នុងស្រុកពួក។

លោកអភិបាលស្រុក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកពួក ហើយអាជីវករលក់ដូរនៅក្នុងផ្សារពួក ឲ្យមកយកសំណាកឲ្យបានគ្រប់ៗគ្នា។ បើមានអាជីវករលក់ដូរណា មិនបានទៅយកសំណាក នៅពេលផ្សារបើកដំណើរការលក់ដូរវិញ អាជ្ញាធរមិនឱ្យលក់ដូរជាដាច់ខាត។

លោកអភិបាលស្រុក សុំឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ករណីរាលដាលក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរ អាជ្ញាធរបានសម្រេចបិទផ្សារពួក នៅថ្ងៃទី១២ ខែសីហា ក្រោយរកឃើញករណីវិជ្ជមានលើអាជីវករផ្សារនេះ។ មកដល់ពេលនេះ ស្រុកពួក ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ដល់ថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩ចំនួនជាង៦០០នាក់ ហើយនឹងពលករជាង៣០០នាក់ ដែលនាំជំងឺកូវីដ១៩មក៕