(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មិនត្រូវការលទ្ធិប្រជាធិបតេយ្យបែបចាក់ពុម្ភ ឬមិនត្រូវប្រជាធិបតេយ្យបែបបច្ចឹមលោកនោះទេ។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គិន ភា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូល «កម្ពុជា នៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកបណ្ឌិត គិន ភា បានលើកឡើងយ៉ាងដូច្នេះ៖ «កម្ពុជា មិនត្រូវការប្រជាធិបតេយ្យបែបចាក់ពុម្ភនោះទេ កម្ពុជាមិនត្រូវប្រជាធិបតេយ្យបែបបច្ចឹមលោក ខ្លាចវាអត់អាចរីកចម្រើន ខ្លាចវាអត់អាចដុះកើតបាននៅក្នុងបរិបទកម្ពុជា ដូចយើងដឹងហើយថាប្រជាធិបតេយ្យរីកចម្រើនទៅបានវាត្រូវឆ្លុះបញ្ចាំងអំពីបរិបទប្រវត្តិសាស្ត្រ សង្គម វប្បធម៌ នៃប្រទេសដែលគេយកប្រជាធិបតេយ្យមក»។
បើតាមលោកបណ្ឌិត គិន ភា, ប្រជាធិបតេយ្យសម្រាប់កម្ពុជា គឺត្រូវការផ្លាស់ប្តូរមេដឹកនាំ និងការផ្ទេរអំណាច អញ្ចឹងអ្វីដែលយើងចង់និយាយ ការប្តូរមេដឹកនាំគឺត្រូវឡើងតាមរយៈការបោះឆ្នោត គឺមិនអាចប្រើប្រាស់រូបភាពផ្សេងដើម្បីមកកាន់អំណាច មកគ្រប់ប្រទេសកម្ពុជា ក្រៅពីការបោះឆ្នោតនោះទេ។
លោកបណ្ឌិត គិន ភា បានបន្ថែមថា ដូច្នេះយើងឃើញប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ មក គឺបានអនុវត្តដោយទៀងទាត់នូវការរៀបចំការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដោយមើលឃើញថា នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨។
«នេះគឺជាគោលការណ៍សំខាន់មួយពីព្រោះការបោះឆ្នោត គឺជាវេទិកាតែមួយគត់សម្រាប់ប្រគល់អំណាចឱ្យប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំសម្រាប់ដឹកនាំប្រទេស អំណាចប្រជាពលរដ្ឋតាមរយៈសន្លឹកឆ្នោត អញ្ចឹងមេដឹកនាំដែលឡើងតាមរយៈសន្លឹកឆ្នោត តាមការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គឺជាមេដឹកនាំដែលមានធម្មានុរូបគ្រប់គ្រាន់ ហើយយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៣មក គឺជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលរៀបចំយ៉ាងទៀងទាត់ទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនេះជាទិដ្ឋភាពមួយដែលសង្គមកម្ពុជា ត្រូវការ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត គិន ភា។
ជាមួយគ្នានេះដែរ លោកបណ្ឌិតបានបញ្ជាក់ថា សម្រាប់គោលការណ៍នីតិរដ្ឋ យុត្តិធម៌សង្គម គឺជារឿងមួយដែលសំខាន់ ដោយមានការលើកឡើងយ៉ាងច្រើនពីបញ្ហានីតិរដ្ឋ ព្រមទាំងយុត្តិធម៌សង្គម។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ សុទ្ធតែចង់បានយុត្តិធម៌សង្គម និងនីតិរដ្ឋ ប៉ុន្តែ នៅពេលដែលអនុវត្តច្បាប់បែរនាំគ្នាស្រែកថា អត់មានយុត្តិធម៌ ដូច្នេះ សូមទទួលយកសច្ចភាពទាំងអស់គ្នា អ្វីដែលជាគោលការណ៍ច្បាប់ អ្វីដែលគោលការណ៍សង្គម យើងត្រូវរួមគ្នា ដើម្បីប្រទេសជាតិក្លាយទៅជាប្រទេសនីតិរដ្ឋទាំងអស់គ្នា ក្លាយជាទៅជាប្រទេសមួយយកគោលការណ៍ច្បាប់ជាធំ។
ត្រង់ចំណុចនេះ លោក គិន ភា បានពន្យល់ថា «គោលការណ៍អនុវត្ត គោរពច្បាប់ មិនមែនចេញតែពីថ្នាក់ដឹកនាំកំពូលនោះទេ គឺចេញពីលើមកដល់ក្រោម ហើយពិសេសថ្នាក់ដឹកនាំក៏ត្រូវតែបង្ហាញភាពជាគំរូ ភាពជាអ្នកអនុវត្តច្បាប់ដោយត្រឹមត្រូវ ដោយគ្មានលំអៀង គ្មានការលើកលែង ច្បាប់មិនត្រូវបានស្តង់ដារទេ»។
លោកបណ្ឌិត គិន ភា បានបញ្ជាក់បន្ថែមថា មិនថាបក្សប្រឆាំង អ្នកនយោបាយ សកម្មជន អង្គការសង្គមស៊ីវិល ឬប្រជាពលរដ្ឋធម្មតា ហើយត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់បែរជាចោទថា អយុត្តិធម៌ គ្មានសេរីភាព ដូច្នេះ ការនិយាយបែបនេះ គឺមិនត្រឹមត្រូវនោះទេ។ បើចង់បាននីតិរដ្ឋ គឺត្រូវនាំគ្នាគោរពច្បាប់ទាំងអស់គ្នា។
លោកបណ្ឌិត គិន ភា បានឱ្យដឹងថា ដោយឡែកសម្រាប់លំហនយោបាយ គឺប្រទេសនានានៅជុំវិញកម្ពុជា គឺមិនមានប្រទេសណាមួយមានគណបក្សនយោបាយច្រើនដូចកម្ពុជានោះទេ។ ចំណុចនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីលំហនយោបាយ ដែលរាជរដ្ឋាភិបាល ដែលរដ្ឋធម្មនុញបានក្រាលផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋ មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។
លោកបណ្ឌិត គិន ភា បានបន្ថែមទៀត សម្រាប់លំហសេរីភាពក្នុងការបញ្ចេញមតិវិញ គឺប្រជាពលរដ្ឋទាំងអស់មានសិទ្ធិបញ្ចេញមតិយ៉ាងពេញលេញ លក្ខណៈបុគ្គលដែលកំពុងតែស្រែកថា កម្ពុជា បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺពួកគេទាំងនោះកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ហើយរហូតហ៊ានបញ្ចេញមតិរិះគន់ វាយប្រហារ ជេរមកលើរដ្ឋាភិបាល ប្រមាថអាយុជីវិតថ្នាក់ដឹកនាំ និងមានបុគ្គលខ្លះរហូតហ៊ានដល់ទៅប្រមាថដល់ព្រះចេស្តារអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈ និងត្រូវបានការពារដោយច្បាប់កំពូលកម្ពុជា គឺច្បាប់រដ្ឋធម្មនុញ្ញ។ ដូច្នេះ តើនេះ ជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬយ៉ាងណា?៕