(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) កម្ពុជា២០៣០» តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (ESCAP) កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា លោក លោកស្រី មកពីក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៣៣០រូប។

លោកស្រី Armida Salsiah Alisjahbana បានសាទរការដាក់ឱ្យប្រើប្រាស់ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងបានលើកឡើងថា ផែនទីបង្ហាញផ្លូវនេះជាមគ្គទ្ទេសក៍ដល់មន្រ្តីរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីសកម្មភាពសំខាន់ៗ ដែលជាតម្រូវការចាំបាច់ដើម្បីពង្រឹងសមត្ថភាព វ.ប.ន.ជាតិ។ លោកស្រីបានថ្លែងពីសក្តានុពល វ.ប.ន. ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន និងការអនុវត្តគោលនយោបាយបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្ម ពីតួអង្គពាក់ព័ន្ធដូចជាស្ថាប័នអប់រំ និងស្រាវជ្រាវវិស័យឯកជន ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍។

នៅក្នុងសុន្ទរកថាបើកអង្គពិធីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន វ.ប.ន. ដែលបានកសាង ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ក្រោមការគាំទ្រប្រឹក្សាយោបល់ពី ESCAP និងការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធក្នុងដំណើរការកសាងឯកសារយុទ្ធសាស្រ្តសម្រាប់កម្ពុជានេះឡើង។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យ វ.ប.ន. ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍជាតិ។ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ជាឯកសារគោលនយោបាយយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ ក្នុងការជួយតម្រង់ទិសក្រសួង-ស្ថាប័ន ក្នុងការអនុវត្តគោលនយោបាយក្រោមការសម្របសម្រួលពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដើម្បីសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិត
ខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តួអង្គពាក់ព័ន្ធនានាត្រូវតែឆ្លើយតបឱ្យទាន់សភាពការណ៍ និងធ្វើការរួមគ្នាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. នេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងជាពិសេសដល់លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ នេះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋាន វ.ប.ន. បានធ្វើបទបង្ហាញពីសាវតានៃផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងលោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ធិ ប្រធាននាយកដ្ឋានគោលនយោបាយ វ.ប.ន. បានធ្វើបទបង្ហាញលម្អិតពីសសរស្តម្ភទាំង ៥ រួមមាន៖ ១.អភិបាលកិច្ច, ២.ការអប់រំ, ៣.ការស្រាវជ្រាវ, ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងគោលដៅគោលនយោបាយ និងលិខិតូបករណ៍ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០៕