(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែសីហានេះ បានបញ្ជាក់ថា តាំងពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែសីហា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា ចំនួន ៨៣៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

បើតាមក្រសួងសុខាភិបាល, លទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។

សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅ ធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ»

ក្រសួងថែមទាំងសំណូមពរ សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

ជាបន្ថែមសូមកុំទៅកាន់ទីតាំង៣ (កន្លែងមនុស្សជួបជុំច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត រួមមានជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ ក្រសួងសុខាភិបាល ក៏សូមប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងនៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្ត។ ហេតុនេះ សូមយុវវ័យគ្រប់រូប ចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់នឹងត្រឹមត្រូវ លើ៣ការពារ និង៣កុំ ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះនិងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ៕