(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ជាសះស្បើយចំនួន ៦៤នាក់ និងស្លាប់ចំនួន ១នាក់។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងកាត់ផ្ដាច់ការចម្លងក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដខាងលើ ត្រូវរាយការណ៍ជូនអាជ្ញធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកស្រុក ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ។

ចំពោះអ្នកដែលពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣-ការពារ និង ៣-កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើមជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែកតាមក្រុង-ស្រុក ឬប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយៈលេខខទូរស័ព្ទ 071 777 7871។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៥,៥៨៩នាក់ ជាសះស្បើយចំនួន ៥,០១០នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៧២នាក់ និងស្លាប់ចំនួន ១០៧នាក់៕