(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។

ការឆ្លើយតបបែបនេះ របស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុម អង្គការសង្គមស៊ីវិលទាំងនេះបានបង្ហាញការព្រួយបារម្ភចំពោះការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ព្រមទាំងចោទប្រកាន់ថាគ្រាន់តែជាលេសដើម្បីបញ្ជាក់ថារដ្ឋាភិបាលបានគិតគូរដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងធ្លាក់ចុះ ជាដើមនោះ។

លោក ជិន ម៉ាលីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា «ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវិលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវីលមួយក្តាប់តូចនេះ ដោយហេតុថា៖

ទី១៖ «តាំងពីដំបូងមក ក្រុមសង្គមស៊ីវិលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មកម្លះ។ ដោយការងារនេះស្ថិតក្នុងដៃសង្គមស៊ីវិលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំ និងរៀបចំនៅក្នុងឆ្នាំ២០១៩។

ទី២៖ ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យនិងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង។

ទី៣៖ សេចក្តីព្រាងដំបូងនៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើលនិងពិនិត្យផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។

ទី៤៖ ការបង្ហាញក្តីបារម្ភរបស់ពួកគេ ពីគោលការណ៍ទីក្រុងប៉ារីសនិងគោលការណ៍អន្តរជាតិមួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើលនិងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។

និងទី៥៖ សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវីលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងជាពេលសាកសមក្នុងការបង្កើតស្ថាប័ននេះ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈនិងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា»៕