(ភ្នំពេញ)៖ ក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណែត Ezecom/Telcotech ដែលជាក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីដំណើការនៃការបោះផ្សាយលក់ មូលបត្របំណុលក្នុងតម្លៃ២០លានដុល្លារ ឬស្មើនឹង៨០ពាន់លានរៀល។

ក្រុមហ៊ុន នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលត្រូវបានបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។ ទីភ្នាក់ងារ CGIF នឹងផ្តល់ការធានាឥណទាន ដោយគ្របដណ្តប់លើបរិមាណទឹកប្រាក់ទាំងអស់ នៃមូលបត្របំណុល២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom។

ក្រុមហ៊ុនមូលបត្រ SBI Royal Securities នឹងជាអ្នករៀបចំសម្រាប់ការលក់មូលបត្របំណុលទាំងអស់នេះ ដែលត្រូវបានរំពឹងថា នឹងបោះផ្សាយនៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។

ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិត សម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត
និងកាន់កាប់ភាគហ៊ុន ក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។

ក្រុមហ៊ុន Ezecom នឹងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យឌីជីថល ឈានមុខគេតាមរយៈសេវា Cloud Computing ដែលមានសុវត្ថិភាពខ្ពស់ និងបង្កើនបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ICT ដើម្បីធានាថាសហគមន៍របស់យើងនឹងបានផ្តល់ជូនលទ្ធភាព ទទួលបានសេវាលំដាប់ខ្ពស់បំផុត។

លោកស្រី Yuni Lee Heathcote អគ្គនាយិការបស់ក្រុមហ៊ុន EZECOM បានថ្លែងថា «ក្រុមហ៊ុន EZECOM ផ្តល់តម្លៃដល់ប្រព័ន្ធអេកូឡូស៊ី (eco-systems) ធុរកិច្ចរបស់យើងយ៉ាងខ្លាំង មិនថាចំពោះអតិថិជន ដៃគូ ឬនិយ័តករនោះទេ។ ខណៈដែលយើងរីកចម្រើន យើងចង់ឱ្យអតិថិជន និងដៃគូរបស់យើងទំាងអស់រីកចម្រើន ព្រមគ្នាជាមួយយើងដែរ។ ដូច្នេះហើយទើបមូលដ្ឋានគ្រឹះ នៃធុរកិច្ចរបស់យើង គឺបង្កើតអោយមានឱកាស សហការអាជីវកម្មរួមគ្នា ជាមួយដៃគូពាក់ព័ន្ធទាំងអស់របស់យើង»

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា «ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា»

អ្នកឧកញ៉ាបានថ្លៃថា «ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារ ដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ។ ខ្ញុំទន្ទឹងរង់ចាំមើលអនាគតឌីជីថល ដែលនឹងកាន់តែរីកចម្រើន ដោយសារមូលបត្របំណុលនេះ»

សូមបញ្ជាក់ថា មូលបត្របំណុលនេះ បានទទួលការអនុម័តពីនិយតករមូលបត្រកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ លេខអនុម័តលេខ ១៤១/២១ SERC/SSR និងពីផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១ លេខអនុម័ត ០៧៤/២១៕