(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរម្លឹកដល់ជនរួមជាតិទាំងអស់ថា «សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន» នោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តាមរយៈទំព័រ Facebook. យ៉ាងដូច្នេះថា៖ « សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន។ មានសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យយើងអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកំសាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស»

ប្រទេសកម្ពុជា ត្រូវបានរំដោះឱ្យរួចផុតពីរបបខ្មៅងងឹតខ្មែរក្រហម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយទទួលបានសន្តិភាពពេញលេញ នៅចុងខែធ្នូ ឆ្នាំ១៩៩៨ ដែលជាថ្ងៃជោគជ័យ នៃនយោបាយឈ្នះឈ្នះ។ សន្តិភាពពេញលេញនេះហើយ បានធ្វើឱ្យប្រទេសកម្ពុជា មានឱកាសអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា សន្តិភាព និងស្ថរិភាព គឺជាកត្តាអាទិភាពមួយនាំឱ្យបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បើទោះពិភពលោកកំពុងប្រឈមបញ្ហានយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយចុះ។ ជាមួយគ្នានេះ សម្តេចតេ បានប្តេជ្ញាបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើងផងដែរ៕