(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» ឡើងដល់ ១,៣២៥នាក់ហើយ គិតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជធានីភ្នំពេញ បានរោគឃើញមេរោគបំប្លែងថ្មី «ដែលតា» ច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ២៨នាក់។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មេរោគបំប្លែងថ្មី «ដែលតា» បានកើតមាននៅ២៣រាជធានី-ខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះប៉ុណ្ណោះ។ មេរោគនេះ បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក និងអំពាវនាវដោយទទូចដល់សាធារណជននៅទូទាំងប្រទេសកម្ពុជា បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

លោករដ្ឋមន្ត្រី បន្តណែនាំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ហេតុនេះក្រសួងសុខាភិបាល អំពាវនាវដល់យុវវ័យគ្រប់រូប ចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ លើ ៣ការពារ និង៣កុំ ដើម្បីការពារ បុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ១៩ ចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅ ដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕