(ព្រះវិហារ)៖ ក្រៅពីមុខរបរធ្វើស្រែចំការ និងប្រកបអាជីវកម្មផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពលរដ្ឋមួយចំនួន នៅក្នុងខេត្តព្រះវិហារ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំប្រទល់ស្រុកជាំក្សាន្ត និងស្រុកគូលែន នៅក្នុងរដូវវស្សានេះ បានបន្ថែមមុខរបរមួយទៀត គឺនាំគ្នាចូលព្រៃដើររកដកផ្សិតយកមកលក់ឱ្យឈ្មួញដែលឈរចាំទិញយ៉ាងព្រោងព្រាត នៅតាមដងផ្លូវជាតិលេខ៦២ ម្តុំត្មាតប៉ើយ។

បើគេធ្វើដំណើរនៅពេលព្រឹកព្រលឹម នៅតាមបណ្តោយផ្លូវជាតិលេខ៦២ រហូតដល់ត្មាតប៉ើយ ព្រំប្រទល់រវាងស្រុកជាំក្សាន្ត និងស្រុកគូលែន គេសង្កេតឃើញសកម្មភាពប្រជាពលរដ្ឋ កំពុងតែមមាញឹក ក្នុងការលក់ផ្សិតដែលដកបានពីក្នុងព្រៃ ឱ្យឈ្មួញដែលឈរចាំទិញយ៉ាងព្រោងព្រាត។

បើតាមស្ត្រីឈ្មោះ សុខ ណា អាយុ៣៦ឆ្នាំ រស់នៅភូមិត្មាតប៉ើយ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាឈ្មួញកណ្តាលឈរចាំទិញផ្សិត ដើម្បីលក់បន្ត បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ លោក ង៉ាង សេងឡុង ឱ្យដឹងថា «ក្នុង១ថ្ងៃគាត់អាចទិញផ្សិតក្ងោក បានជាង១០០គីឡូក្រាម ពីប្រជាពលរដ្ឋ ដែលផ្សិតក្នុង ១គីឡូតម្លៃ ចាប់ពី១០,០០០រៀលទៅ១២,០០០រៀល ហើយគាត់លើកឱ្យម៉ូយបន្តបានមួយគីឡូ ១៤,០០០រៀល ទៅ១៥,០០០រៀល ហើយចំពោះឈ្មួញកណ្តាលមិនមែនមានតែម្នាក់ទេ គឺមានគ្នាច្រើន ហើយផ្សិតក្ងោក ដែលគាត់លក់ឱ្យឈ្មួញ គឺគេនាំលក់បន្តទៅប្រទេសថៃ»។

ដោយឡែកស្ត្រីវ័យកណ្តាលម្នាក់ ដែលប្រកបរបរដើរដកផ្សិតក្នុងព្រៃ បានឱ្យដឹងថា ក្នុងមួយថ្ងៃគាត់អាចរកចំណូលពីការដកផ្សិតបាន៧ ទៅ៨មុឺនរៀល ចំណូលនេះសម្រាប់តែគ្រួសារគាត់ដែលមានសមាជិកតិចប៉ុណ្ណោះ បើគ្រួសារខ្លះគេមានសមាជិកច្រើន គេក៏អាចរកផ្សិតបានច្រើន ហើយក៏លក់បានលុយច្រើនដែរ។

ស្ត្រីរូបនេះបានបន្តថា មុខរបរដកផ្សិតនេះ គឺអំណោយផលតែក្នុងរដូវវស្សា ចាប់ពីខែ៨ ខែ ៩ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាមុខរបរដកផ្សិតនេះបានជួយសម្រាលជីវភាពគ្រួសារគាត់បានមួយកម្រិតផងដែរ៕