(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ-កម្មការនី ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចំនួន ៤០គ្រួសារ ក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក៏មានការនិមន្តចូលរួមពីព្រះគ្រូបច្ឆឹមវាសី ថៃ ប៊ុនធឿន ចៅអធិការវត្ត ចង្ក្រានតាព្រហ្មស្ទឹងមានជ័យ, លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យទី១ និងសមាជិក សមាជិកា មន្រ្តីអនុសាខា។

នាឱកាសនោះ ដែរ លោក ឌី រ័ត្នខេមរុណ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័ខ្ពស់ ដោយថ្មីៗនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ កំពុងមានការរីករាលដាលមេរោគបម្លែងថ្មីប្រភេទ Delta ជាពិសេស សូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តាប់សារអប់រំនានារបស់ក្រសួងសុខាភិបាល គោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោកប្រធានអនុសាខា បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង ១គ្រួសារៗ ទទួលបាន៖

* អង្ករ ២៥គីឡូក្រាម
* មី ១កេស
* ទឹកស៉ីអ៉ីវ ១យួរ
* ទឹកត្រី ១យួរ
* ត្រីខ ១យួរ
* ម៉ាស់ ១ប្រអប់៕