(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងផ្តល់អំណោយជូនកម្លាំងមន្រ្តីរាជការ និងកម្លាំងសណ្តាប់ធ្នាប់ក្រោមឱវាទទាំងអស់ ជាលើកចុងក្រោយ មុនលោកត្រូវបានប្រកាសផ្ទេរទៅកាន់ជាអភិបាលខណ្ឌទួលគោកវិញ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីប្រកាសផ្ទេរ ភារកិច្ចលោក ជា ពិសី ទៅជាអភិបាលខណ្ឌទួលគោក ហើយលោក ឯក ឃុនឌឿន មកជាអភិបាលខណ្ឌឬស្សីកែវិញ។

នៅក្នុងពិធីជួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ក្រុមមន្រ្តីក៏បានបង្ហាញពីចំណាប់អារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីចៅហ្វាយនាយរបស់ខ្លួនត្រូវបានទទួលភារកិច្ចថ្មី ជាអភិបាលខណ្ឌទួលគោកវិញ។

ក្នុងពិធីនេះ លោក ជា ពិសី បានថ្លែងផ្ដាំផ្ញើថា «ខ្ញុំពិតជាមានការសោកស្ដាយ ដោយមិនបាននៅរួមការងារជាមួយបង-ប្អូនមន្ត្រីរាជការយើងទាំងអស់បន្តទៀតបាន ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ព្រោះតែមានកាតព្វកិច្ចចាំបាច់ជាច្រើនទៀត ដែលត្រូវបន្តអនុវត្ត ដោយត្រូវផ្ទេរភារកិច្ចចេញពីអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោកវិញ ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១តទៅ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»

ក្នុងពិធីនេះដែរ ក្រៅពីការបង្ហាញចំណាប់អារម្មណ៍, មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌឬស្សីកែវទាំងអស់ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរចំពោះលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងក្រុមគ្រួសារ សូមបានជោគជ័យលើគ្រប់ភារកិច្ច បន្ទាប់ពីទទួលបានប្រកាសចូលកាន់មុខតំណែងផ្លូវការ ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកវិញ៕