(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបិទផ្សារធំថ្មីមួយផ្នែក ដើម្បីប្រមូលអ្នកលក់បន្លែ និងគ្រឿងសមុទ្រ យក សំណាកស្វែងរកជំងឺកូវីដ១៩ ក្រោយរកឃើញថាមានអ្នកឆ្លងជាបន្តបន្ទាប់។

លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់ និងដើម្បីទប់ស្កាត់កុំឲ្យជំងឺមួយនេះ ជាពិសេសប្រភេទមេរោគ បំប្លែងថ្មី Delta នោះអាជ្ញាធរខណ្ឌដូនពេញ បានសហការជាមួយមន្រ្តីសុខាភិបាល ចុះមកយកសំណាកបងប្អូនអាជីវករលក់បន្លែ និងគ្រឿងសមុទ្រនៅមួយផ្នែកនៃផ្សារធំថ្មី។

បើតាមលោក ចាប ឌីណា គិតត្រឹមវេលាម៉ោងជាង៦ល្ងាចថ្ងៃនេះ មនុស្សចំនួន២នាក់ ដែលជាពលរដ្ឋរស់នៅក្បែរផ្សារធំថ្មី ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ហើយក្រុមគ្រូពេទ្យកំពុងតែយកបន្តទៀត មិនទាន់ចប់នៅឡើយទេ៕