(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ភាគច្រើនជាពលរដ្ឋរស់នៅស្រុករវៀងនិងស្រុកជាំក្សាន្ត។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានក្នុងថ្ងៃនេះ បានបញ្ជាក់ថា មានអ្នកជំងឺចំនួន ២៩នាក់ បានជាសះស្បើយពីជំងឺផងដែរ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៣៥នាក់ គឺភាគច្រើនរកឃើញនៅស្រុករវៀង និងស្រុកជាំក្សាន្ត ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ មណ្ឌលព្យាបាលវិទ្យាល័យជាំក្សាន្ត និងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យរវៀង ស្រុករវៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ១,១០៨នាក់ ជាសះស្បើយចំនួន ៦៣១នាក់ ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៧៤នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖