(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ស្អែកនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតីភាព ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

ក្រុមហ៊ុនផុស្ការ ឌីជីធល ឯ.ក (Poscar Digital) ដែលជាក្រុមហ៊ុនរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School បានយល់ព្រមឧបត្ថម្ភការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School Standard Edition (Annex 1) Licence រយៈពេល ០៧ឆ្នាំ និងម៉ាស៉ីន វត្តមានឌីជីថល ចំនួន ០៤ គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំ ដោយមិនគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិកក្នុងវិទ្យាស្ថានជាតិអប់រំ ជាពិសេសគឺការរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល។

លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បានឲ្យដឹងថា Wiki School ត្រូវបានអភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។

លោកបន្ថែមថា ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និងសាលាឯកជនទៀតជាច្រើនផងដែរ។ POSCAR សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ឧត្តមសិក្សាថែមទៀត៕

ពីធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នៅវិទ្យាស្ថានជាតិអប់រំ (NIE) នឹងធ្វើឡើងតាមប្រព័ន្ធ ZOOM និងមានការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក Wiki School Page ចាប់ពីម៉ោង ៨៖៣០ ដល់ម៉ោង ៩៖០០ព្រឹក តាមរយៈ https://www.facebook.com/wikischool.asia