(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកូនប្រុសរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅកាន់ប្រទេសបារាំងលើកនេះ គឺដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ។

ការចេញមកបញ្ជាក់របស់ លោក ស សុខា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួករបស់ខ្លួន បានព្យាយាមលាបពណ៌ទៅលើ សម្តេចក្រឡាហោម ស ខេង តាមបណ្តាញសង្គម Facebook ប៉ុន្មានថ្ងៃមកនេះ ដោយបំភ្លៃថា សម្តេចបានជួបជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។

តាមរយៈហ្វេសបុក លោក ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានសម្តេចក្រឡាហោម ស ខេងទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិនោះឡើយ»

លោកបានបន្តថា ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។ ក្រៅពីនេះការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បាន និងកំពុងប្រកាន់ខ្ជាប់ខ្ជួន នូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ។

លោកបានបន្ថែមថា ទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដើម្បីមហិច្ឆតាផ្ទាល់ខ្លួនរស់ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចរិកអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុងតែមួលបង្កាច់ទម្លាក់កំហុសយ៉ាងពិសពុលលើសម្តេចក្រឡាហោម ស ខេង ផងដែរ។

ដូច្នេះសូមសាធារណជនទាំងអស់ កុំជឿលើការលើកឡើង នៃក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិតគិតតែពីចង់បានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ។ ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វើប្រជាភិថុតិយុវជនប្រជាជន។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃព័ត៌មានថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៉ី ហើយព្រមព្រៀងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈដែលសម្តេចមានវត្តមាន នៅក្នុងប្រទេសបារាំង។ លោកបានច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ និងបានស្នើដល់សាធារណជនកុំចែកចាយបន្ត ដែលនាំឱ្យមានការភាន់ច្រឡំ។

ទោះជាយ៉ាងនេះក្តី ខណៈដែលក្រុមឧទ្ទាមក្រៅច្បាប់ បានដាក់ចេញនូវយុទ្ធនាការបំភ្លៃព័ត៌មាននេះ មានសាធារណជនជាច្រើន បានរិះគន់ដល់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបង្កើតព័ត៌មាននេះ ដោយចាត់ទុកថា ជានយោបាយទុច្ចរិត ដើម្បីបង្កចលាចលនៅក្នុងប្រទេសកម្ពុជា៕