(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារវីង ( ខេមបូឌា) ម.ក ដើម្បីដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ ( Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ MoU នេះក៏សហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតី លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងការចុះហត្ថលេខាជាផ្លូវការរវាង លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារវីង ( ខេមបូឌា) ម.ក។

លោក ប៉ាន សូរស័ក្ក បានលើកឡើងថា អនុស្សរណនៃការយោគយល់គ្នានេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបញ្ជាក់ពីកិច្ចសហការរបស់រវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន (ធនាគារវីង) ដើម្បីផ្តល់ភាពងាយស្រួលជូន អាជីវករ សហគ្រាសធុនតូច និងមធ្យម និងអតិថិជនក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់ទូទាត់ប្រតិបត្តិកាលើផ្សារខេមបូឌាត្រេដ។

លោក ប៉ាន សូរស័ក្ក បានបន្ថែមថា ផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្មនេះ និងផ្តល់ឱកាសឱ្យសហគ្រាសធន់តូច និងធ្យម អាចលក់ផលិតផលខ្មែរដែលមាន សក្តានុពលសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេស និងការដាក់តាំងលក់ទំនិញ នៅក្នុងទីផ្សារមួយដែលទូលំទូលាយ និងមិនមានព្រំដែន ដែលអាចហៅថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់អតិថិជនក្នុងស្រុក និងអន្តរជាតិ។

លោកបានបន្ថែមថា ការបង្កើតផ្សារខេមបូឌាត្រេដនេះ គឺបានស្របនៅនឹងបរិបទរបស់សេដ្ឋកិច្ចកម្ពុជា និងការវិវត្តន៍ឆាប់រហ័សនៃបច្ចេកវិទ្យាថ្មី ដោយសារមានក្រុមជាច្រើន បានប្តូរអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូវនិក តាមរយៈការលក់តាមប្រព័ន្ធអេឡិចត្រូវនិក និងបណ្តាញសង្គមនានា ដែលក្នុងនោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏មានការរីកចម្រើនខ្លាំង នៅក្នុងអំឡុងពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩នេះ និងដោយមើលឃើញសកម្មភាពទាំងនេះក្រសួងក៏បានបង្កើត ផ្សារខេមបូឌាត្រេដនេះឡើង ដើម្បីប្រែក្លាយកាលានុវត្តភាពឱ្យទៅជាការពិតសម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោក ហាន ប៉េងក្វាង បានឱ្យដឹងដែរថា ភាពជាដៃគូនេះអនុញ្ញាតឱ្យវីងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយប្រើការទូទាត់ប្រាក់ តាមឌីជីថល។ ការទូទាត់តាមឌីជីថលកំពុងមានការពេញនិយមនៅជុំវិញពិភពលោកដោយសារភាពងាយស្រួល និងមានសុវត្ថិភាព។

ធនាគារវីង ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និងភ្នាក់ងារវីងដែលមានជិត ១០ ០០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ នៅឆ្នាំ២០២០ ធនាគារវីង បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២ ៤០០ ដោយផ្តល់សេវាកម្មប្រមូល និង ទូទាត់ប្រាក់។

លោកបានបន្ថែមថា ធនាគារវីង ក៏នឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុបែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និងមធ្យម របស់ផ្សារខេមបូឌាត្រេដ ដោយរៀបចំ ឲ្យមានជា ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាព ផ្សេងៗជាច្រើន។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕