(ភ្នំពេញ)៖ លោក ជា ពិសី ដែលទើបទទួលភារកិច្ចថ្មី ជាអភិបាលខណ្ឌទួលគោក និងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងពិនិត្យរាល់ហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខណ្ឌ។

សកម្មភាពសំណេះសំណាល និងពិនិត្យរាល់ហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខណ្ឌទួលគោក និងរបស់អភិបាលថ្មីខណ្ឌទួលគោក និងប្រធានក្រុមប្រឹក្សាខណ្ឌនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ, និងមន្ត្រីរាជការជាច្រើនរូបទៀត នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនេះ លោក ជា ពិសី បានជុំរុញឱ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់បំរើដល់ប្រជាពលរដ្ឋ តាមរយះការពង្រឹងអនុវត្តកិច្ចការរដ្ឋបាល ដោយសាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីលោកសំណេះសំណាល និងពិនិត្យរាល់ហេដ្ឋារចនាសម្ព័ន្ធនានា របស់រដ្ឋបាលខណ្ឌទួលគោក។

លោកអភិបាលថ្មីខណ្ឌទួលគោករូបនេះ បានសង្កត់ធ្ងន់លើកការពង្រឹងការផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងការពង្រឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន ពិសេសពង្រឹងការឆ្លើយតបនូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»