(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៣នាក់បន្ថែមទៀត ខណៈជាសះស្បើយចំនួន១៣៧នាក់ និងស្លាប់ចំនួន២នាក់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសឱ្យដឹងថា ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី២ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី២៣ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ដោយឡែក ករណីទី២៨ ដល់ទី៣២ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ និងករណីទី៣៣ ដល់ទី៩៣ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។

អ្នកជាសះស្បើយទាំង១៣៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បបានបញ្ជាក់ពីករណីស្លាប់អ្នកវិជ្ជមានចំនួន២នាក់ ដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ឆុន ម៉េងលាង ភេទប្រុស អាយុ០៧ថ្ងៃ អាសយដ្ឋាននៅភូមិភ្នំជញ្ជាង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

*ទី២៖ ឈ្មោះ យិន សុលាប ភេទស្រី អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨៨៦នាក់ បានព្យាបាលជាសះស្បើយចំនួន៧៣០៨នាក់ ស្លាប់៨៦នាក់ និង៤៩២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕