(កំពត)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាពមួយចំនួន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងជួបសំណេះសំណាលលើកទឹកចិត្ត ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ក្នុងការជួបសំណេះសំណាលនោះ លោក ម៉ម ប៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការនិងលទ្ធផលការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពត ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានសហការយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ និងការព្យាបាលអ្នកជំងឺកូវីដ១៩ បានល្អប្រសើរ រួមនឹងការអនុវត្តវិធានការបទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ទទួលបានលទ្ធផលនិងប្រសិទ្ធភាពល្អ។ ពិសេសការជំរុញអនុវត្តការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលប្រសើរ រហូតមកដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រី ក៏បានសំណូមពរ និងស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ កងកម្លាំងសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពតទាំងមូល សូមបន្តយកចិត្តទុកដាក់ ចូលរួមអនុវត្តវិធានការសុខាភិបាលពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន និងជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានសម្រេចជោគជ័យទៅលើគោលដៅប្រជាពលរដ្ឋ ដែលត្រូវចាក់ក្នុងខេត្ត ដើម្បីកាត់បន្ថយការឆ្លងចូលក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ពិសេសថ្លែងអំណរគុណដ៏ជ្រាលជ្រៅថ្លៃថ្លាបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយទាំងសម្ភារៈថវិកា និងណែនាំដាក់បទបញ្ជានូវវិធានការផ្សេងៗ និងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅក្នុងគ្រាដ៏លំបាកនេះ ឱ្យបានល្អប្រសើរឡើងវិញ។

ជាពិសេសសម្រាប់ខេត្តកំពត បច្ចុប្បន្ននេះលទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ សម្រេចការចាក់ បានចំនួនសរុប ៣២៤,០៤៧នាក់ ហើយលើគោលដៅត្រូវចាក់ មានចំនួន ៥៤៦,២៧២នាក់ ដែលក្នុងនោះ ចាប់ពីអាយុ១៨ឆ្នាំឡើង មានចំនួន ៤៥,១០៧១នាក់ និងអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មានចំនួន ៩៥,២០១នាក់៕