(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានសហការជាមួយអង្គការជាដៃគូ ដើម្បីចងក្រងប្រមូលព័ត៌មានអំពីផលប្រយោជន៍ ផលប៉ះពាល់ និងគ្រោះថ្នាក់ក្នុងការប្រើប្រាស់សារធាតុ «អាសបេស្តុស» ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

សារធាតុអាសបេស្តុស ជាសារធាតុរ៉ែមួយប្រភេទដែលធ្វើឱ្យផលិតផលមានគុណភាព ជាពិសេសគឺធ្វើឱ្យស្វិត រឹង ហើយមានតម្លៃថោកអាចទទួលយកបាន ក៏ប៉ុន្តែសារធាតុអាសបេស្តុសក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សដែរ ដូចជា ជំងឺមហារីកសួត ហើយជាញឹកញាប់សារធាតុនេះត្រូវបានគេចាត់ទុកជា «ឃាតកលាក់មុខ» ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីចូលមកបំផ្លាញសុខភាពរបស់អ្នកដែលបានប៉ះពាល់ ឬក៏ទទួលរងឥទ្ធិពលពីសារធាតុអាសបេស្តុសនេះ ដែលភាគច្រើនវាយលុកចូលទៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស។

ការលើកឡើងរបស់លោក អ៉ិត សំហេង យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសសមាសភាពនៃក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា ដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការ ILO/Japan តាមរយៈគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ និងអង្គការអាហ្វ៉ីដា (APHEDA) តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

លោក អ៉ិត សំហេង បានបញ្ជាក់ថា ក្នុងវិស័យឧស្សាហកម្ម ការប្រើប្រាស់ធនធានវត្ថុធាតុដើម គឺតែងតែមានមុខពីរ ពោលគឺអាចបង្កើតនូវផលិតផល ឬធ្វើឱ្យផលិតផលកាន់តែមានគុណភាពសម្រាប់ការប្រើប្រាស់ និងកាន់តែមានប្រសិទ្ធភាព ប៉ុន្តែម្យ៉ាងទៀត ប្រសិនបើប្រើប្រាស់វាមិនប្រុងប្រយ័ត្នទេ វានឹងបង្កហានិភ័យមកវិញ មិនត្រឹមតែកម្មករនិយោជិតដែលជាអ្នកផលិតប៉ុណ្ណោះទេ អ្នកប្រើប្រាស់ និងអ្នកជុំវិញក៏អាចមានគ្រោះថ្នាក់ដែរ។

លោកបន្តថា គេនិយមប្រើប្រាស់សារធាតុអាសបេស្តុសនៅលើស្រទាប់ក្បឿងប្រក់ផ្ទះ ហ្វ៉ីប្រូស៉ីម៉ង់ដ៍ជាដើម ប្រសិនបើធ្វើក្បឿងធម្មតាដោយមិនប្រើសារធាតុអាសបេស្តុសទេ នោះក្បឿង និងហ្វ៉ីប្រូទាំងនោះនឹងឆាប់បាក់ផុយនៅពេលរងកម្លាំងសង្កត់ខ្លាំង។ ដូច្នេះអ្នកផលិតចូលចិត្តប្រើវាជាង ដើម្បីធ្វើយ៉ាងណាធានាបាននូវគុណភាព និងការប្រកួតប្រជែងនៅក្នុងទីផ្សារ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា «កន្លងមក កម្ពុជាមានកន្លែងធ្វើហ្វ៉ីប្រូដែរ តែបើតាមរបាយការណ៍ក្នុងកម្រងព័ត៌មានជាតិលើកទី១ បានឱ្យដឹងថា ការផលិតនេះមិនមានប្រើអាសបេស្តុសទេ ហើយហ្វ៉ីប្រូដែលមានសារធាតុគ្រោះថ្នាក់នេះ ភាគច្រើនជាហ្វ៉ីប្រូដែលនាំចូលពីក្រៅប្រទេស ហេតុនេះហើយទើបក្រុមការងារត្រូវតែប្រមូលព័ត៌មានបន្ថែម»។ លោកថា ប្រការនេះ ក៏ដោយសារាជរដ្ឋាភិបាលកម្ពុជាមានការគិតគូពីបញ្ហាសុខភាព បញ្ហាការបង្ការគ្រោះថ្នាក់ការងារសព្វបែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មរបស់ជាតិ ក្លាយជាសក្តានុពលរបស់ជាតិសម្រាប់អនាគត ហើយបញ្ហាធនធានមនុស្សជាអាទិភាពទី១។

សូមជម្រាបថា គេបានសិក្សាឃើញមានសារធាតុអាសបេស្តុសនៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នា ពិសេសនៅក្នុងប្រទេសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។ ជាឧទាហរណ៍ ប្រភេទផលិតផលមួយចំនួនដែលផ្ទុកសារធាតុអាសបេស្ដុស រួមមាន សន្លឹកសម្ភារហ្វ៉ីប្រូស៊ីម៉ង់ដ៍ និងសម្ភារសំណង់ផ្សេងទៀត ប្រព័ន្ធការពារកម្ដៅ និងប្រព័ន្ធការពារស្រូបសំឡេង ឧបករណ៍ពន្លត់អគ្គិភ័យ អ៉ីសូឡង់ (Insulation) កម្រាលឥដ្ឋជាតិផ្លាស្ទិក វិស័យវាយនភណ្ឌ សម្ភារៈដែលងាយរងការកកិត (ហ្វ្រាំងរថយន្ត) ទ្រនាប់ (ឡចំហាយ) និងសម្ភារៈសម្រាប់វេចខ្ចប់ជាដើម។

អ្វីដែលជាបញ្ហានៅចំពោះមុខគឺនៅត្រង់ថា ក្នុងពិភពលោកនេះមិនទាន់មានការឯកភាពគ្នាទាំងស្រុងចំពោះបញ្ហាសារធាតុអាសបេស្តុសនេះនៅឡើយទេ ពោលគឺមួយផ្នែកជាអ្នកផលិត និងប្រើប្រាស់ និងមួយផ្នែកទៀតជាអ្នកឈប់ផលិត និងទប់ស្កាត់ ហើយទស្សនាទាននោះវាមានឥទ្ធិពលទៅគ្រប់ទីកន្លែង ខណៈនៅកម្ពុជាអ្នកដឹងបញ្ហានេះមានតិចនៅឡើយ។ ដូច្នេះក្រុមការងារនៃក្រសួងការងារមានតួនាទីសំខាន់ណាស់ ក្នុងការចងក្រងប្រមូលព័ត៌មានទាំងអស់ ដើម្បីដឹងឱ្យកាន់តែច្បាស់អំពីផលប្រយោជន៍ ផលប៉ះពាល់ និងគ្រោះថ្នាក់ក្នុងការប្រើប្រាស់ជាដើម៕