(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតបំផុត និងជានាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានលាតត្រដាងថា ការបែកបាក់កម្លាំងផ្ទែក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺផ្តើមចេញពី លោក សម រង្ស៉ី តែម្តង។ លោក មុត ចន្ថា បានលាតត្រដាងអំពីរឿងរ៉ាវនេះ នៅលើហ្វេសបុកផ្ទាល់របស់លោក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំយល់ថាអ្វីដែលធ្វើឱ្យបែកបាក់កម្លាំងផ្ទែក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺផ្តើមចេញពីលោក សម រង្ស៉ី តែម្តង។ បើសិនជាលោក សម រង្ស៉ី គោរពច្បាប់ផ្ទៃក្នុងបក្ស និងគោលការណ៍និងគោលនយោបាយរួម គាត់ប្រាកដជាបង្ហាញភាពជាគំរូដល់មន្រ្តីនិងអ្នកគាំទ្រគណបក្ស ប៉ុន្តែគាត់ខ្លួនឯងបានរំលោភបំពានច្បាប់កំពូលផ្ទៃក្នុងបក្សម្តងហើយម្តងទៀត ដែលបានបង្កើតលំអាន និងគំរូអាក្រក់ដល់ថ្នាក់ក្រោម។ បើសិនមេដឹកនាំមិនគោរពច្បាប់ផង រឿងអីថ្នាក់ក្រោមត្រូវគោរព។ មេដឹកនាំល្មើសច្បាប់ តែមាននិទណ្ឌភាព ឬរួចទោស ដូច្នេះរឿងអីថ្នាក់ក្រោមត្រូវខ្លាច និងរាងចាលចំពោះអំពើល្មើសនឹងច្បាប់»។
មនុស្សជំនិតរបស់ លោក កឹម សុខា រូបនេះបានចាត់ទុកថា ការអំពាវនាវនាថ្មីៗនេះរបស់ លោក សម រង្ស៉ី ឱ្យអ្នកគាំទ្រឱ្យបញ្ឈប់វាយប្រហារគ្នា ជា លក្ខណៈ បុគ្គល គ្រាន់តែមានបំណងលាងសំអាតខ្លួនពីការទទួលខុសត្រូវ និងចង់ជួសជុលការខូចខាតដែលខ្លួនគាត់បានបង្កើតឡើង ក្នុងរយៈពេលជិត ០៥ឆ្នាំមកនេះប៉ុណ្ណោះ។ ចេតនាពិតរបស់លោក សម រង្ស៉ី គឺទម្លាក់កំហុស និងការទទួលខុសត្រូវមកលើអ្នកគាំទ្រចំពោះការបែកបាក់ផ្ទៃក្នុង ដោយលើកហេតុផលថាបណ្តាលមកពីពួកគេវាយប្រហារគ្នារឿងបុគ្គល។
លោកបានបន្តថា អ្វីដែលលោក សម រង្ស៉ី លើកឡើងគឺជាចំណែកដ៏តូចមួយដែលបានធ្វើឱ្យមានការបែកបាក់ដោយការប្រកាន់និន្នាការ ឬប៉ូលនយោបាយរៀងៗខ្លួន ប៉ុន្តែវាក៏ស្ថិតក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរបស់គាត់ ក្នុងនាមជាអតីតមេដឹកនាំម្នាក់ដែលមិនបានបំពេញតួនាទីនេះ ដោយគាត់មិនដែលប្រឆាំង ឬថ្កោលទោសចំពោះបុគ្គលដែលបានប្រើប្រាស់បណ្តាញសង្គមជាវេទិកាវាយប្រហារគ្នា និងវាយប្រហារទៅមេដឹកនាំ។ ភាពស្ងាត់ស្ងៀមរបស់គាត់ត្រូវបានគេចាត់ទុកជាអំពើគាំទ្រ ឬបើកដៃលើកទឹកចិត្តឱ្យមនុស្សរបស់គាត់នៅអាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ន័រវេ ។ល។ វាយប្រហារមកលើ លោក កឹម សុខា និងមនុស្សឋានៈជាអតីតសមាជិរដ្ឋសភា និងព្រឹទ្ធសភា បានវាយប្រហារមកលើមេដឹកនាំខ្លួន គឺលោក កឹម សុខា គឺមិនមែនជារឿងបុគ្គល ឬឯកជន ប៉ុន្តែវាក្លាយជាគោលនយោបាយមួយដែលកំណត់មុខសញ្ញាវាយប្រហារលើនិន្នាការ និងមានចរិតរើសអើងនយោបាយ។ រឿងកើតឡើងទាំងអស់នេះមិនអាចរំលង ឬមិនអាចថាមិនដឹងដល់ លោក សម រង្ស៉ី នោះទេ។
ជុំវិញករណីនេះ លោក មុត ចន្ថា បានកត់សម្គាល់នូវអំពើរំលោភបំពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់លោក សម រង្ស៉ី ជាក់លាក់មួយចំនួន នៅក្រោយខែកញ្ញា ឆ្នាំ២០១៧ ដោយក្នុងនោះមានដូចជា៖
១៖ លោក សម រង្ស៉ី បានលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ និងសមាជិកភាពទាំងអស់នៅក្នុងគណបក្ស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ គណៈកម្មាធិនាយកគណបក្សបានអនុម័តទទួលយកលិខិតលាលែងរបស់ លោក សម រង្ស៉ី ជាផ្លូវការ ហើយក្រោយមកសមាជវិសាមញ្ញគណបក្ស បានបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្ស នៅខែមីនា ឆ្នាំ២០១៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ។ ចំណុចទី១នេះ បញ្ជាក់ថា លោក សម រង្ស៉ី ពុំមានតួនាទី ពុំមានសមាជិកភាព និងពុំមានសិទ្ធិនិងអំណាចអ្វីនៅក្នុងអតីតគណបក្សសង្រ្គោះជាតិ ឡើយ ។
២៖ លោក សម រង្ស៉ី រំលោភលើសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ដែលបានបង្កើត «គណៈកម្មការចំពោះកិច្ច» ដែលមានសមាជិក ០៥រូប (កូតាសមរង្ស៉ី+សិទ្ធិមនុស្ស) ដើម្បីបន្តអនុវត្តកិច្ចការរបស់អតីតគណបក្សសង្រ្គោះជាតិ ដោយគាត់មិនទទួលស្គាល់គណៈកម្មការចំពោះកិច្ចដែលបណ្តាលឱ្យដំណើរការ និងកិច្ចការយុទ្ធសាស្រ្តមួយចំនួនត្រូវបានលុបចោល។ សមាសភាពកូតាសិទ្ធិមនុស្សមិនចូលរួមជាមួយ លោក សម រង្ស៉ី ដោយសារអំពើបំពានច្បាប់ផ្ទៃក្នុងរបស់គាត់ និងក្នុងនាមគាត់ជាមេចលនាខុសច្បាប់។ ហេតុនេះបានធ្វើឱ្យបែកបាក់ក្នុងក្របខ័ណ្ឌថ្នាក់ដឹកនាំនៃប៉ូលនយោបាយទាំងពីរ គឺគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៉ី ។
៣៖ បន្ទាប់មកទៀត លោក សម រង្ស៉ី បានបំបែកសាខាគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក ឬ CNRP-USA ជាពីរចម្រៀក ដោយបង្កើតឱ្យមាន «គណបក្សសង្រ្គោះជាតិក្រៅប្រទេស» ឬ CNRP OVERSEA (CNRP-O) ដើម្បីដឹកនាំ ដោយបោះបង់ចោលគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក ដែលគាត់យល់ថាក្បាលម៉ាស៉ីននិងមនុស្សភាគច្រើនមកពីក្រុមគាំទ្រគណបក្សសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ។ ជាលទ្ធផលនៃអំពើបំពានច្បាប់ផ្ទៃក្នុងនេះ បានបណ្តាលឱ្យមានភាពអាណាធិបតេយ្យ និងការបែកបាក់យ៉ាងធ្ងន់ធ្ងរ នៅសហរដ្ឋអាមេរិក។
៤៖ លោក សម រង្ស៉ី បានបង្កើតចលនាស្រ្តីថ្មី ប្រចាំសហរដ្ឋអាមេរិក និងបានតែងតាំងសមាសភាពដឹកនាំថ្មីជំនួសវិញ។ ភរិយារបស់ លោក សម រង្ស៉ី គឺលោកស្រី ជូឡុង សូម៉ារ៉ា បានចុះហត្ថលេខាលើលិខិតមួយបញ្ចប់តំណែង លោកស្រី ចេនិត សេង (Janet Seng) ពីប្រធានចលនាស្រ្តីចាស់ ខណៈដែលគាត់គ្មានសិទ្ធិនិងអំណាចតែងតាំង ឬដោះដូរសមាសភាពដឹកនាំអ្វីទាំងអស់ក្នុងគណបក្ស ។ នៅសហរដ្ឋអាមេរិកមានចលនាស្រ្តីដល់ទៅពីរ ប៉ុន្តែចលនាស្រ្តីថ្មីដែលមាន លោកស្រី ជូឡុង សូម៉ារ៉ា ជាខ្នងបង្អែកបានក្លាយជាក្រុមឆ្កែកាចបានវាយប្រហារមករលើ លោកស្រី ចេនិត សេង និងលោក កឹម សុខា ព្រមទាំងមនុស្សជិតស្និទ្ធរបស់លោក កឹម សុខា ។
៥៖ លោក សម រង្ស៉ី បានប្រើប្រាស់រចនាសម្ព័ន្ធថ្មីៈ «គណបក្សសង្រ្គោះជាតិក្រៅប្រទេស» ដើម្បីរៀបចំសន្ធិសីទពិភពលោក នៅទីក្រុងអាតល្លង់តា (Atlanta) សហរដ្ឋអាមេរិក នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីជ្រើសតាំងខ្លួនគាត់ជា «ប្រធានស្តីទី» នៃគណបក្សសង្រ្គោះជាតិ ដែលផ្ទុយពីលក្ខន្តិកៈបក្ស។ ផ្អែកតាមលក្ខន្តិកៈបក្ស មានតែអង្គសមាជ ឬសមាជវិសាមញ្ញគណបក្ស ប៉ុណ្ណោះ ដែលមានអំណាចបោះឆ្នោតអនុម័តលើគោលនយោបាយ កម្មវិធីនយោបាយ និងសមាសភាពដឹកនាំគណបក្ស ដូច្នេះអ្វីដែលហៅថា សន្និសីទពិភពលោកនេះ គឺមិនមែនជាសមាជ ឬសមាជវិសាមញ្ញគណបក្សឡើយ ប៉ុន្តែវាជាអំពើបក្សប្រហារ។ ការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងឡើងៗ។
៦៖ បន្ទាប់ពីបានឡើងធ្វើជាប្រធានស្តីទីគណបក្សដោយរំលោភបំពានលក្ខន្តិកៈរួចមក លោក សម រង្ស៉ី បានរុះរើរចនាសម្ព័ន្ធនិងសមាសដឹកនាំចាស់ រួចរៀបចំរចនាសម្ព័ន្ធថ្មី និងតែងតាំងសមាសភាពដឹកនាំថ្មីជំនួសដែលសុទ្ធតែមនុស្សរបស់គាត់ទាំងអស់ នៅអាមេរិក អាមេរិកខាងជើង (កាណាដា) អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង ។ល។ ដែលបានបណ្តាលឱ្យមានការបែកបាក់ធ្ងន់ធ្ងរ ។ ចេតនារបស់គាត់ គឺបំបែក ដើម្បីគ្រប់គ្រង។
៧៖ លោក សម រង្ស៉ី បានផាត់សមាសភាពដឹកនាំនៃកូតាសិទ្ធិមនុស្សចេញពីការធ្វើសេចក្តីសម្រេចចិត្ត និងកិច្ចប្រតិបត្តិការរបស់អតីតគណបក្សសង្រ្គោះជាតិទាំងអស់ ដែលបានបណ្តាលឱ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរ និងបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមត្រូវបានបញ្ចប់។ គណបក្សសង្រ្គោះជាតិត្រូវបានចែកចេញជាពីរ គឺមួយដឹកនាំដោយប្រធានស្តីទីខុសច្បាប់ និងមួយទៀតដឹកនាំដោយសមាសភាពដឹកនាំមកពីកូតាសិទ្ធិមនុស្ស ដែលបានបង្កើតឱ្យមានភាពច្របូកច្របល់ក្នុងចំណោមសមាជិកសហគមន៍អន្តរជាតិ ដោយមិនច្បាស់ថាមួយណាតំណាងឱ្យគណបក្សសង្រ្គោះជាតិពិតប្រាកដនិងផ្លូវការ ដែលធ្វើឱ្យពួកគេពិបាកសហការផ្នែកការទូតផ្សេងៗ ខណៈដែលពួកគេដកខ្លួនឆ្ងាយពីលោកសម រង្ស៉ី ដោយសារគាត់ជាមេដឹកនាំចលនានយោបាយខុសច្បាប់ដែលបានប្រកាសប្រើប្រាស់ហិង្សា ដើម្បីចាប់ខ្លួនមេដឹកនាំប្រទេស និងផ្តួលរំលំរាជរដ្ឋាបាល ។
៨៖ លោក សម រង្ស៉ី បានចូលរូមបំបែកចលនាយុវជននៅប្រទេសកូរ៉េខាងត្បូងជាពីរចម្រៀក ដោយគាត់បានទទួលស្គាល់ និងតែងតាំងសមាសភាពដឹកនាំចលនាយុវជនថ្មី ដែលដឹកនាំដោយ «អាសង្ហា» និងចលនាយុវជនចាស់បន្តដឹកនាំដោយស្ថាបនិក លោក យឹម ស៉ីណន ដដែល រហូតដល់លោកបានលាឈប់។ ចលនាយុវជនដែលរឹងមាំនៅកូរ៉េខាងត្បូង ត្រូវបានបែកបាក់ខ្ទេចខ្ទាំនិងចុះខ្សោយដោយសារស្នាដៃបំបែកបំបាក់របស់ លោក សម រង្ស៉ី ដោយផ្ទាល់ ។ លោក សម រង្ស៉ី បានសងគុណលោក យឹម ស៉ីណន ដែលបានរៀបចំសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង និងបានតស៊ូមតិនិងឧទ្ទិសនាមឱ្យគាត់ទទួលបាននូវពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ពីអង្គការក្រៅរដ្ឋាភិបាលកូរ៉េមួយ តាមរយៈការបំបែកចលនាយុវជនដឹកនាំដោយលោក យឹម ស៉ីណន ។
៩៖ ដោយសារលោក សម រង្ស៉ី ជាមេចលនាសង្រ្គោះជាតិដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកក្រុមឧទ្ទាមក្រៅច្បាប់ និងដោយសារគាត់ត្រូវបានកាត់ទោសជាច្រើនបទល្មើស បានបង្ខំឱ្យសហគមន៍អន្តរជាតិដកខ្លួនឆ្ងាយ។ តំណាងរដ្ឋាភិបាលបរទេសមិនអាចមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយលោក សម រង្ស៉ី ដោយសារឋានៈច្បាប់របស់គាត់ជាជនមានពិរុទ្ធ ឬជាទណ្ឌិតតាមអំណាចសាលក្រមនិងសាលដីកាចុងក្រោយ។ គាត់អាចជួបបានត្រឹមតែសមាជិកសភា ឬព្រឹទ្ធសភាបរទេសខ្លះដែលមិនតំណាងឱ្យរដ្ឋអធិបតេយ្យ ប៉ុណ្ណោះ។ ដោយសារមូលហេតុទាំងនេះបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្សេងៗជួបផលលំបាក និងមិនដំណើរការទៅមុខ ។
១០៖ ក្រុមមនុស្សជេរប្រមាថដោយភាសាអសុរោះ និងអសីលធម៌មកលើ លោក កឹម សុខា និងមនុស្សជិតស្និទ្ធិរបស់គាត់ នៅអាមេរិក កាណាដា ជប៉ុន នៅតែបន្តស្ថិតក្រោមស្លាក លោក សម រង្ស៉ី ដែលជាក្រុមមនុស្សត្រូវបានបណ្តុះ ចិញ្ចឹម និងការពារឱ្យបន្តយុទ្ធនាការជេរប្រមាថនិងបង្ខូចកេរ្តិ៍ឈ្មោះ ដើម្បីបំបែកបំបាក់។
ខ្ញុំយល់ថា លោក សម រង្ស៉ី គួរតែមើលឃើញកំហុសដឹកនាំរបស់គាត់ច្បាស់ ហើយគាត់មិនគួរបង្វែរនិងទម្លាក់កំហុសឱ្យអ្នកគាំទ្រទទួលខុសត្រូវ ចំពោះការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរដែលទំនងមិនអាចមានអ្វីមកបិទភ្ជិតបានឡើយ។ តាមអង្គហេតុពិតខាងលើទាំងនេះ គឺលោក សម រង្ស៉ី ត្រូវទទួលខុសត្រូវទាំងស្រុងលើការបែកបាក់នេះ។
លោក មុត ចន្ថា បានបន្តថា ទោះបីកំហុសដឹកនាំផ្ទៃក្នុងរបស់គាត់មិនត្រូវបានកាត់ទោស ដូចនឹងបទល្មើសប្រឆាំងនឹងច្បាប់រដ្ឋ ក៏ដោយ ប៉ុន្តែលោក សម រង្ស៉ី គួរមានភាពក្លាហានសារភាព ឬទទួលស្គាល់ពីកំហុសដឹកនាំរបស់គាត់ ដើម្បីជាគំរូដល់អ្នកដឹកនាំជំនាន់ក្រោយ។ លោក សម រង្ស៉ី មិនគួរចាត់ទុកខ្លួនគាត់ នៅពីលើច្បាប់ឡើយ ហើយអ្វីៗដែលគាត់បានធ្វើសុទ្ធតែត្រឹមត្រូវឡើយ។ អស់រយៈពេល ២៨ឆ្នាំមកនេះ អ្នកគាំទ្ររបស់គាត់ចាត់ទុកគាត់ជាមនុស្សម្នាក់ធ្វើអ្វីមិនចេះខុស ហើយបើមានការរិះគន់គាត់ពីកំហុសផ្សេងៗ ពួកគេបានវាយតបតការពារគាត់ដោយចង្អុលម្រាមដៃដាក់អ្នកដឹកជាតិបច្ចុប្បន្នថា ប្រព្រឹត្តខុសច្រើនជាងគាត់។
ក្នុងករណីបាត់លុយបក្ស និងលុយគម្រោងទូរទស្សន៍ព្រះអាទិត្យ អ្នកគាំទ្ររបស់គាត់ចេញមុខមកការពារថា គេពុករលួយលួចលុយជាតិច្រើនជាងគាត់ ហេតុអីមិនចោទសួរផង។ រឿងបាត់លុយបក្ស លុយគម្រោងទូរទស្សន៍ព្រះអាទិត្យ លុយមាតុភូមនិវត្តន៍ និងលុយលក់ប័ណ្ណនាឡិកា លោក សម រង្ស៉ី មិនដែលហើបមាត់មួយមាត់។ នៅពេលអ្នកកាសែត The Cambodia Daily បានចោទសួរគាត់រឿងលុយទាំងនេះ គាត់បែរជាច្រឡោតខឹង ដែលធ្វើឱ្យគេយល់ថាគាត់ដឹងនិងជាប់ពាក់ព័ន្ធរឿងបាត់លុយទាំងនេះ ។
លោកបានបញ្ជាក់បន្ថែមថា ឫសគល់នៃការបំបែកបំបាក់ផ្ទៃក្នុងបក្ស គឺផ្តើមចេញពីអំពើទាំងឡាយដែល លោកសម រង្ស៉ី បានប្រព្រឹត្ត ដូច្នេះបើសិនជាគាត់មានបំណងសុចរិត ដើម្បីដើរតួសម្របសម្រួលជម្លោះនិងបង្រួបបង្រួម គាត់ត្រូវមានភាពក្លាហានទទួលស្គាល់ពីកំហុសដឹកនាំរបស់គាត់ជាមុនសិន។ កុំខ្លួនឯងធ្វើខុសសោះ បែរជាមកទម្លាក់កំហុសលើអ្នកគាំទ្រ ធ្វើពុធខ្លួនឯងជាមនុស្សស្អាតស្អំ។ ដូចពាក្យដំណាលពោលថាៈ «ចោរ ស្រែកឱ្យចាប់ចោរ!»។
លោកបានបញ្ជាក់បន្ថែមទៀតថា លោក សម រង្ស៉ី មិនមែនជាទេតាដែលនិយាយអ្វី និងធ្វើអ្វីមិនចេះខុសនោះទេ។ កន្លងមកពុំសូវមានគេរិះគន់ចំពោះការដឹកនាំរបស់គាត់ ដូច្នេះគាត់ពុំគួរយល់ថាខ្លួនគាត់ជាមនុស្សល្អគ្រប់១០ ឬស្អាតស្អំ។ ការតាំងខ្លួននិងមោទនភាពខ្លួនខ្លាំងជាបិតាប្រជាធិបតេយ្យ ឬជើងឯងខាងប្រឆាំងលើសគេនៅកម្ពុជាពេក បង្កើតឱ្យមានចរិតមើលស្រាលដល់ការលះបង់ និងពលិកម្មរបស់មនុស្សមួយនគរ ដែលបានចូលរួមកសាង និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងការការពារសិទ្ធិមនុស្ស ព្រមទាំងការអភិវឌ្ឍសង្គម។ គេត្រូវចាំថាការប្រឆាំងតាមរបៀបៈ ធ្វើឱ្យគេក្តៅក្រហាយ ធ្វើឱ្យគេឈឺចាប់ ធ្វើឱ្យមានការរើសអើង ឬកម្ចាត់មួយទុកមួយតាមទ្រឹស្តី និងយុទ្ធសាស្រ្តរបស់លោកសម រង្ស៉ី គឺ «មានស៉ី អត់សែន» មិនអាចធ្វើឱ្យប្រទេសជាតិមានឯកភាព និងសុខសន្តិភាពបានឡើយ។
ការប្រឆាំងតាមរបៀបនេះមិនអាចធ្វើឱ្យខ្លួនរស់នៅក្នុងពិភពលោកមួយដែលខ្លួនចង់រស់នៅ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដោយវិជ្ជមាន ល្អប្រសើរ និងដោយស្ថាបនា សម្រាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍ សុខដុមរមនា ឡើយ។ ការប្រឆាំងរបៀបនេះគឺគេហៅថា «ប្រឆាំងដើម្បីតែប្រឆាំង»៕