(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទ បានសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីធ្វើតេស្ដរកវីរុសកូវីដ១៩ ជាលើកទី២ ទៅលើប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១ មានអ្នកមានវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី Delta។

សកម្មភាពរបស់លោកអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទបានអនុវត្តឡើង ស្ថិតនៅសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង ៣-៥ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

លោក សុខ សម្បត្តិ បានប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ នៅព្រឹកនេះយ៉ាងដូច្នេះថា៖ «ដោយមានកិច្ចសហការល្អពីមន្ត្រីសុខាភិបាល និងកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ពេលនេះមន្ត្រីសុខាភិបាល (ទ័ពអាស) បាននិងកំពុងធ្វើតេស្ដរកវិរូសកូវីដ១៩ ជាលើកទី២ ចំពោះប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១ បានរកឃើញក្នុងចំណោមប្រជាពលរដ្ឋទាំងនេះ អ្នកមានវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta»

លោក សុខ សម្បត្តិ បានបញ្ជាក់ថា «នៅក្នុងប្រតិបត្តិការរកវីរុសកូវីដ១៩ ក្នុងសហគមន៍អណ្ដូងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ត្រូវបានបញ្ចប់ និងសរុបប្រជាពលរដ្ឋដែលបានធ្វើតេស្ដ ជាក់ស្ដែង មានចំនួន២០៧១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានចំនួន៤៨នាក់ ដោយនិយាយជារួម»

លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា «សម្រាប់ប្រជាពលរដ្ឋសហគមន៍អណ្ដូង ៤-៦ ដែលបានធ្វើតេស្ដជាក់ស្ដែងចំនួន១១៨១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ និងប្រជាពលរដ្ឋសហគមន៍អណ្ដូង៣-៥ ដែលបានធ្វើតេស្ដជាក់ស្ដែង មានចំនួន៨៩០នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ផ្សេងទៀត»