(កំពង់ធំ)៖ មន្ត្រីជំនាញខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុង និងជុំវិញបរិវេណផ្សារកំពង់ធំ, ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន មុននឹងដាក់ឱ្យដំណើរការជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះតទៅ។

ផ្សារទាំង៣ខាងលើនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន អស់រយៈពេល ២៥ថ្ងៃកន្លងមកនេះ និងបានយកសំណាកអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន០៣លើករួចមក ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសង្កេតឃើញថាស្ថានភាពនៃការរីករាលដាលត្រូវបានគ្រប់គ្រងបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីឱ្យសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនេះ ដំណើរការល្អតាមការគ្រោងទុកនោះអភិបាលខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនេះដោយផ្ទាល់ផងដែរ។

លោក សុខ លូ ក៏បានក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំ ជាពិសេសត្រូវពាក់ម៉ាស់ រក្សាគម្លាតបុគ្គល ឱ្យបានត្រឹមត្រូវ និងលាងដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានញឹកញាប់ ជាពិសេសចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមការណែនាំនូវវិធានសុខាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ៕