(ភ្នំពេញ)៖ មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តសេនីយ៍ឯក ឯក សំអូន បានដាក់ចេញបទបញ្ជាទៅដល់កងទ័ពឈរជើងនៅតាមព្រំដែនខ្មែរ-ថៃ ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន។

ក្នុងបទបញ្ជាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានគូសបញ្ជាក់ថា ការទប់ស្កាត់ការលួចនាំចូលរថយន្តចង្កូតស្តាំនេះ គឺអនុលោមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា កន្លងទៅនេះ។

ក្នុងបទបញ្ជានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានគូសបញ្ជាក់ផងដែរថា យោធិនរូបណាឃុបឃិតក្នុងការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះ នឹងត្រូវប្រឈមចំពោះមុខច្បាប់។

មេបញ្ជាការយោធភូមិភាគទី៥ ក៏បានណែនាំទៅមេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣ និងទី៤ ផ្សព្វផ្សាយបទបញ្ជានេះដល់មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា កន្លងទៅនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន សម្រេចលើចំណាត់ការមួយចំនួនចំពោះរថយន្តដែលប្រើផ្លាកលេខ ខ.ម និង ន.ប ក៏ដូចជារថយន្តចង្កូតស្តាំផងដែរ។

ក្នុងសំណើនោះលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យគ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

ក្នុងសំណើនោះ ក៏បានបញ្ជាក់ដែរថា ការអនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាន នឹងតម្រូវឲ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានចារឯកភាពឱ្យអនុវត្តតាមសំណើខាងលើនេះទាំងស្រុង៕