(ភ្នំពេញ)៖ បន្ទាប់ពីកាចាប់ផ្តើមអនុវត្តន៍ការធ្វើតេស្តរហ័សទ្រង់ទ្រាយធំជាលើកទី១ កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ និងថ្ងៃបន្តបន្ទាប់ចំពោះថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទទីស្ដីការក្រសួង មន្ត្រីតាមមន្ទីររាជធានីខេត្ត និងអង្គភាពចំណុះ រួមមាន៖ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សៀមរាប និងមន្ត្រីរដ្ឋាករទឹកតាមបណ្តាខេត្តមួយចំនួនទៀត សរុបចំនួនប្រមាណជាង ៣ពាន់នាក់រួចមក នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងបានអនុវត្តយុទ្ធនាការដូចគ្នា ក្នុងលក្ខណ:ទ្រង់ទ្រាយធំជាលើកទី២ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់។

ការធ្វើតេស្តរហ័សជាលើកទី២នេះ ដោយអនុលោម ទៅតាមគោលការណ៍ណែនាំទូទៅរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងនិងការធ្វេីតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និងការគំរាមកំហែងនៃមេរោគកូវីដ-១៩ និងមេរោគបំប្លែងថ្មី Delta តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ឲ្យបានឆាប់រហ័ស និងទាន់ពេល ដេីម្បីចូលរួមប្រយុទ្ធនៃជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលទៅក្នុងសហគមន៍ ការឈានទៅកាត់ផ្តាច់ខ្សែបណ្តាញចម្លង និងឈានទៅដល់ការដាក់ឲ្យដំណេីរការពេញលេញជាបណ្តេីរៗ នូវសកម្មភាពសេវាកម្ម ផលិតកម្ម និងសកម្មភាព សង្គម-សេដ្ឋកិច្ចផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ដែលកំពុងមានការរឹតត្បិត។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលលោកតែងតែគិតគូជាប្រចាំចំពោះសុខទុក្ខ និងសុខមាលភាពរបស់មន្ត្រី ក្រោមឱវាទ តាមគ្រប់មធ្យោបាយ។ ជាក់ស្តែងដូចជាលោកទេសរដ្ឋមន្រ្តី បានធ្វើការកោះប្រជុំជាប្រចាំ ក្នុងមួយសប្តាហ៍ម្តង តាមប្រព័ន្ធអនឡាញ ស្តីពីស្ថានភាពកូវីដនៅកម្ពុជា ដើម្បីស្តាប់របាយការណ៍ និងដាក់ចេញនូវវិធានការជាក់ស្តែងជាបន្តបន្ទាប់ មានដូចជា៖

*ការបាញ់អាល់កុលសម្លាប់មេរោគ-ការបំពាក់ឧបករណ៍ស្កេន និងបាញ់អាល់កុលគ្រប់ច្រកចេញចូល
*ការអនុវត្តស្កេន QR Code -ការដាក់វេនធ្វើការរបស់មន្ត្រី-វិធានការ នៃលំហូរឯកសារ-ការអនុវត្តរបបប្រជុំ ឬសិក្ខាសាលាតាមប្រព័ន្ធ អនឡាញ
*ការបង្កើតក្រុមការងារពិសេស ឆ្លើយតបរហ័ស (Hotspot) ដើម្បីដឹកនាំចាត់ចែង និងតាមដានស្ថានភាពកូវីដនៃមន្ត្រីក្រោមឱវាទក្រសួង
*ការគិតគូ ការឧបត្ថម្ភទឹកប្រាក់ និងគ្រឿងឧបភោគ-បរិភោគ ដល់មន្ត្រីរាជការ ក្រោមឱវាទ ដែលស្ថិតក្នុងតំបន់ក្រហមតំបន់បិទខ្ទប់ និងមន្ត្រីដែលមានវិជ្ជមានកូវីដ១៩ ជាដើម។

ក្រៅពីនោះ ដោយទទួលបានជំនួយពីប្រភពផ្សេងៗ បូកនិងជំនួយផ្ទាល់របស់លោកកិត្តិសេដ្ឋាបណ្ឌិត និងលោកស្រី គឺបានឧបត្តម្ភជាម៉ាស់ ជាអាល់កុល ជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ដល់តំបន់គោលដៅមួយចំនួន ដូចជាសាលារាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងរដ្ឋបាលខេត្តកំពង់ស្ពឺជាដេីម៕