(បាត់ដំបង)៖ ទឹកភ្លៀងនៅតែបន្តធ្លាក់ជាច្រើនម៉ោងយ៉ាងជោគជាំ បង្កជាជំនន់ទឹកភ្លៀងហូរលឿនច្រោះដីប៉ះពាល់ដំណាំ ទ្រព្យសម្បត្តិ ផ្លូវថ្នល់ និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក កាលពីព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ។

អាជ្ញាធរស្រុក និងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ទឹកភ្លៀងបានបន្តធ្លាក់មួយមេយ៉ាងធំជា ច្រើនម៉ោងគ្របដណ្តប់លើតំបន់មួយចំនួន រួមមានស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្កការប៉ះពាល់ខូចខាតយ៉ាងដំណំនូវដំណាំចម្ការជាច្រើនរ៉ៃ រួមទាំងផ្លូវថ្នល់ លំនៅឋាន និងទ្រព្យសម្បត្តិមួយចំនួនទៀត។

ឥទ្ធិពលទឹកភ្លៀងនៅព្រលប់ម្សិលមិញនេះ បានប៉ះពាល់ និងគំរាមកំហែងខ្លាំងក្នុងភូមិសាស្ត្រឃុំសរុបចំនួន ៥ ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ភាគខាងលិចខេត្តបាត់ដំបង។ ឃុំចំនួន៥ ខាងលើដែលរងការខូចខាតមាន ឃុំសំពៅលូន ប៉ះពាល់ចម្ការដំឡូងមី របស់ប្រជាកសិករអស់ចំនួន២រ៉ៃ ចម្ការដំណាំពោតក្រហមខូចខាតអស់ចំនួន ២ រ៉ៃដែរ។

ចំពោះឃុំសន្តិភាពទឹកបានហូរច្រោះ និងហូរបុកគំហុកបណ្តាលឲ្យខូចខាតរបងវត្តអូរជុំឧត្តមសាមគ្គី អស់ប្រវែង៣០ ម៉ែត្រ បានដួលរលំទាំងស្រុង គិតជាថវិកាសរុបប្រមាណ ៦ពាន់ដុល្លារអាមេរិក ដោយឡែកក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក បង្កការប៉ះពាល់ផ្លូវថ្នល់ លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងឃុំចំនួន ៣ មានឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ។

ទឹកភ្លៀងដែលគ្របដណ្តប់យ៉ាងខ្លាំងនេះដែរ ក៏បានបង្កការប៉ះពាល់ដល់បណ្តាស្រុកមួយចំនួនទៀត ឋិតនៅព្រំប្រទល់ជាប់គ្នាដូចជាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាដើម៕