(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំខណ្ឌ ចុះជួបសំណេះសំណាល និងឧបត្ថម្ភថវិកា ចំនួន ២,០០០,០០០រៀល ដើម្បីលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ។

ក្នុងពិធីជួបសំណេះសំណាលនេះ, លោក ជា ពិសី បានជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ច ដើម្បីបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងការពង្រឹងលើការងារទប់ស្កាត់ជំងឺកូវីដ១៩។

លោក ជា ពិសី បានសង្កត់ធ្ងន់ថា សំខាន់ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ស្ដីអំពីការថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ជាមួយការផ្ដល់សេវាកាន់តែល្អ ជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលថ្មីខណ្ឌទួលគោករូបនេះ បានប្រកាសច្បាស់ៗថា កងកម្លាំងទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយដ៏រឹងមាំ ដោយយកអស់កម្លាំងកាយចិត្តខិតខំបម្រើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយភក្ដីភាពបំផុត ឥតងាករេរ និងបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ ហើយត្រូវតែចាត់ទុកផលប្រយោជន៍ជាតិជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់។

លោក ជា ពិសី បានប្រកាសប្រាប់ដល់កងកម្លាំង ថាត្រូវតែប្រឆាំងដាច់ខាតនឹងក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងទុច្ចរិតចង់បំផ្លិចបំផ្លាញ សន្តិភាព ការអភិវឌ្ឍ និងភាពសុខដុមរមនារបស់ជាតិ និងប្រជាជន ហើយបន្តការពារដាច់ខាតចំពោះ រាជរដ្ឋាភិបាល ដែលប្រសូត្រឡើងដោយការបោះឆ្នោតស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕