(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែង បានចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលក្នុងសហគមន៍។

ការលើកឡើងបែបនេះ របស់លោក ម៉ុម សារឿន បានធ្វើឡើងនៅក្នុងឱកាសចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺវីដ១៩ ជូនប្រជាពលរដ្ឋ ចំនួន៣ទីតាំង ដោយទីតាំងទី០១ ស្ថិតនៅមណ្ឌលសុខភាព កាំងចាម ឃុំកាំងចាម, ទីតាំងទី០២ ស្ថិតនៅសាលាបឋមសិក្សាឆ្វាំង និងទីតាំងទី០៣ ស្ថិតនៅសាលាបឋមសិក្សា វាលដេញ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី០១ ខែកញ្ញានេះ។

លោក ម៉ុម សារឿន បានបញ្ជាក់ថា «ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដ៏ប្រជាពលរដ្ឋនាពេលនេះ ដែលខេត្តស្ទឹងត្រែង ទទួលបានពីរាជរដ្ឋាភិបាល នេះពិតជាសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋទាំងមូលក្នុងខេត្តស្ទឹងត្រែង ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏នឹងកំពុងរងគ្រោះពីជំងឺកូវីដ១៩ ដែលបានធ្វើឲ្យ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ជីវិត និងឆ្លងក្នុងនោះខេត្តស្ទឹងត្រែងយើង ក៏មានប្រជាពលរដ្ឋជាច្រើនបានឆ្លងពីជំងឺដ៏កាចសាហាវមួយនេះដែលកំពុងសម្រាក និងព្យាបាលផងដែរ»

ក្នុងនោះដែរលោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដោយរក្សាគម្លាតឱ្យបានត្រឹមត្រូវ ជៀសវាងការប្រមូលផ្តុំគ្នាដែលជាហេតុនាំឱ្យមានហានិភ័យនៃការចម្លងផងដែរ។

គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ចំនួនប្រជាជនក្នុងខេត្តស្ទឹងត្រែង អាយុគិតចាប់ពី ១២ឆ្នាំ ឡើងទៅ សរុប ១១៧,៣៣៨នាក់ និងប្រជាជនបានចាក់វ៉ាក់សាំងរួចហើយសរុប១០០,៥៨២នាក់ ស្មើនឹង ៨៥.៧២% នៃប្រជាជនសរុប និងប្រជាជន នៅមិនទាន់បានចាក់វ៉ាក់ សល់ចំនួន១៦,៧៥៦នាក់ សើ្មនឹង ១៤.២៨%៕