(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់មិនដឹងថាខឹងចិត្តរឿង ស្រាប់តែដកកាំភ្លើងពីចង្កេះបាញ់កញ្ចក់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន០២គ្រាប់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនក្រោយរត់គេចខ្លួនរយៈពេល៣ថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពរួច។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា ជនទំនើងដែលបាញ់បោះសេរីនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពនៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បណ្ដាលឲ្យបែកកញ្ចក់សណ្ឋាគារអស់មួយផ្ទាំង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ GU SAN QIANG អាយុ៣៦ឆ្នាំ មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខ E46927678 ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្នុងនោះ វត្ថុតាងចាប់យកបាន កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365
ពណ៌ខ្មៅ មានលេខសម្គាល់ 66B087323 និងបង់កាំភ្លើង០១ មានគ្រាប់ចំនួន០៨គ្រាប់។

បច្ចុប្បន្នចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕