(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យសាលារៀនទាំងអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីត្រៀមរៀបចំក្នុងការបើកឱ្យចូលរៀនឡើងវិញនាពេលខាងមុខនេះ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការស្នើបែបនេះ របស់លោក ជា សុមេធី បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការបើកឱ្យដំណើរការសាលារៀនឡើងវិញ តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom) ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងមន្ត្រីអប់រំក្រុង ស្រុកទាំង១៣ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០១ ម្សិលមិញ។

លោកអភិបាលខេត្ត រំឮកប្រសាសន៍សម្តេចតេជោ ហ៊ុន សែនថា អភិបាលរាជធានី-ខេត្តត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួនតិចនៃជំងឺកូវីដ១៩ ដូច្នេះ អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ ក្នុងភូមិសាស្ត្រក្រុង-ស្រុករបស់ខ្លួន ពិសេសកន្លងមកសាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវរៀបចំឱ្យបានស្អាតឡើងវិញ។

ឆ្លៀតក្នុងឱកាសនេះ លោក អភិបាលខេត្ត បានជំរុញដល់អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន គឺ៖ «៣ការពារ និង៣កុំ» ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងថ្មី Delta ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានក្រុង ស្រុកទាំង១៣ ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីអប់រំក្រុង-ស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យសុខភាពសិស្សជាប់ជាប្រចាំ ដើម្បីមានវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍៕