(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៥នាក់បន្ថែមទៀត ខណៈជាសះស្បើយចំនួន ១៩១នាក់ និងស្លាប់១នាក់ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រកាសឱ្យដឹងថា ករណីទី១ ដល់ទី៣៦ ជាករណីមានប្រភពចម្លងចេញពីផ្សារ ករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣ ដល់ទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ករណីទី២៦ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី៣៦ ដល់ទី៣៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ចំពោះ ករណីទី៣៩ ដល់ទី៩៣ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៩៤ ដល់ទី៩៥ គឺជាអ្នកដំណើរមកពីខេត្តបាត់ដំបង។

អ្នកជាសះស្បើយទាំង១៩១នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ករណីស្លាប់អ្នកវិជ្ជមានចំនួន០១នាក់ ឈ្មោះ ទុយ សុគុណ ភេទប្រុស អាយុ៦១ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៤៖៤៥នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៦៧នាក់ បានព្យាបាលជាសះស្បើយចំនួន៧៦០០នាក់ ស្លាប់៨៩នាក់ និង៣៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/ ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕