(​ឥណ្ឌា​)៖ យ៉ាងហោច​ណាស់​ មានមនុស្ស ១០​នាក់​បាន​ស្លាប់ និង​ជាប់ក្រោមគំនរបែកបាក់ប្រមាណ ១៥០​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពី​សំណង​សាងសង់​ស្ពាន​អាកាស​មួយ​ស្ថិត​នៅក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា បាន​បាក់​រលំ​សង្កត់​មក​លើ​រថយន្ត និង​អ្នកដំណើរ​ក្រោម​ស្ពាន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​៣១ ខែ​មីនា​។​

​ក្រុម​ពន្លត់អគ្គីភ័យ និង​ប្រជាពលរដ្ឋ បាន​នាំគ្នា​ជួយ​សង្គ្រោះ​មនុស្ស​ដែល​ជាប់ក្រោម​គំនរ​បាក់បែក​នៃ​ដែកស​សៃ​ស្ពាន និង​ផ្ទាំង​ស៊ីម៉ង់​ធំៗ​។ ទូរទស្សន៍​ក្នុង​ស្រុក​បាន​ចាក់​ផ្សាយ​នូវ​រូបភាព​ជន​សង្គ្រោះ​លើក​ដៃ​ចេញពី​គំនរ​បាក់បែក​ដោយមាន​ប្រឡាក់​ឈាម និងបានស្រែ​ហៅ​ឲ្យគេ​ជួយ មើលទៅ​គួរឲ្យ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​។​

​យោងតាម​របាយការណ៍​របស់​ប៉ូលិស​បាន​បញ្ជាក់ថា ស្ពាន​មួយ​នេះ បាន​ស្ថិតក្រោម​ការសាងសង់​តាំងពី​ឆ្នាំ ២០០៩ ប៉ុន្តែ​មក​ដល់ពេលនេះ នៅ​មិនទាន់​ធ្វើ​រួចរាល់​ទៀត ហើយ​បើ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​នោះ បានឲ្យដឹងថា ពេល​ខ្លះ​គេ​ឃើញ​មាន​ក្រុម​សំណង់​មក​ធ្វើការ ប៉ុន្តែ​ក្រោយមក​ក៏​បាត់​ទៅ​វិញ ហើយ​វា​មិនមែន​មួយ​លើក ឬ​ពីរ​លើក​នោះទេ ពោល​គឺ​ច្រើន​ដង​មកហើយ ដោយពួកគាត់​ក៏​មាន​ចម្ងល់​ដែរ​ថា ស្ពាន​នេះ​ពេលណា​សាង់សង់​រួច បើ​ធ្វើ​ឈប់ៗ​បែបនេះ​៕​