(ភ្នំពេញ)៖ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម TikTok ជេរប្រមាថ មើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជប់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា បុរសរូបនេះ បានបង្ហោះវីដេអូរតាមបណ្តាញសង្គម TikTok ដោយប្រើអាខោនឈ្មោះ មៀច សុផាត់ មានខ្លឹមសារជេប្រមាថ និងមើលងាយយ៉ាងធ្ងន់ធ្ងរមកលើ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ការបង្ហោះព័ត៌មានមិនពិតមានលក្ខណៈមើលងាយសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
លោកបញ្ជាក់ថា «បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាជនដែលបង្ហោះព័ត៌មានប្រមាថមកលើសមត្ថកិច្ចនោះ ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន ដើម្បីទទួលកំហុសធ្វើកិច្ចសន្យាណែនាំអប់រំ ជាពិសេស គឺបានថតជាវីដេអូ សុំទោសជាសាធារណៈចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ»៕